(បាងកក, ថៃ)៖ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២០ ខែសីហា ម្សិលមិញនេះ បានចូលជួបលោក Suchat Chomklin រដ្ឋមន្ត្រីក្រសួងការងាររបស់ថៃ នៅទីក្រុងបាងកក ដើម្បីជជែកពីបញ្ហាប្រឈមមួយចំនួនរបស់ពលករខ្មែរក្នុងកំលុងនៃការរាតត្បាតជំងឺកូវីដ១៩។

ក្នុងជំនួបនេះ លោកបណ្ឌិត សុខ សុក្រឹត្យា បានជម្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ ក្នុងនោះរួមមានការដាក់ចេញវិធានការចាំបាច់មួយចំនួនចំពោះពលករខ្មែរដែលត្រឡប់ពីប្រទេសថៃផងដែរ។ លោកបណ្ឌិត សុខ សុក្រឹត្យា បានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី «ដែលតា» នោះ រាជរដ្ឋាភិបាល បានរៀបចំឱ្យពលករខ្មែរទាំងអស់ ធ្វើចត្តាឡីស័ក និងទទួលការព្យាបាលនៅតាមខេត្តជាប់ព្រំដែនផ្ទាល់តែម្តង។

លោកបណ្ឌិត សុខ សុក្រឹត្យា ដែលជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិខ្មែរចំណាកស្រុកផងដែរនោះ បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនរបស់ពលករខ្មែរក្នុងកំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩ និងការធ្វើដំណើរដោយប្រថុយប្រថានរបស់ពលករខ្មែរ ដើម្បីត្រឡប់ទៅកម្ពុជាវិញជាដើម។

តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី លោកបណ្ឌិត សុខ សុក្រឹត្យា បានស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារ ក៏ដូចជាអាជ្ញាធរថៃ ជួយដោះស្រាយការលំបាករបស់ពលករខ្មែរក្នុងកំលុងរាតត្បាតជំងឺកូវីដ១៩ និងជួយឱ្យពួកគេបានទទួលការព្យាបាលនៅពេលពួកគេឆ្លងជំងឺកូវីដ១៩ជាដើម។

តបតាមសំណើនេះ រដ្ឋមន្ត្រីក្រសួងការងារថៃ បានសន្យាបន្តយកចិត្តទុកដាក់លើពលករខ្មែរ ដោយជួយសម្រួលលើការរស់នៅ និងរៀបចំវិធានដោះស្រាយផលវិបាកផ្សេងៗជាច្រេីនក្នុងកំឡុងវិបត្តិកូវីដ-១៩។ លោករដ្ឋមន្ត្រី ក៏បានអះអាងដែរថា ភាគីថៃ នឹងរៀបចំអនុស្សារណៈយោគយល់គ្នាពិសេស១ រវាងកម្ពុជា-ថៃ ដើម្បីប្រមូលយកពលករខែ្មរទាំងស្របច្បាប់ និងមិនស្របច្បាប់មកធ្វើការ នៅប្រទេសថៃឡើងវិញ ទោះបីជំងឺរាតត្បាតកូវីដ-១៩ មិនទាន់ស្រាកស្រាន្តក៏ដោយ។

លោក Suchart Chomklin ក៏បានសន្យាថា នឹងស្នើសុំទៅសមត្ថកិច្ចពាក់ព័ន្ធរបស់ថៃសម្រួលដល់ពលករខ្មែរខុសច្បាប់ដោយចាប់ពីពេលនេះទៅមិនឱ្យចាប់នោះឡើយ តែត្រូវផ្តល់ព័ត៌មានឲ្យក្រសួងការងារ ដើម្បីក្រុមការងារក្រសួងរៀបចំផ្តល់សិទ្ធិស្របច្បាប់ដល់ពួកគេឡើងវិញ។

រដ្ឋមន្ត្រីក្រសួងការងារថៃ ក៏បានសន្យាដែរថា រដ្ឋាភិបាលថៃ នឹងផ្តល់ការចាក់វ៉ាក់សាំងការពារកូវីដ១៩ ដល់ពលករខ្មែរទាំងអស់ដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដោយមិនមានការរេីសអេីងនោះ។

ការសន្យារបស់លោករដ្ឋមន្ត្រីក្រសួងការងារថៃ គឺជាក្តីសង្ឃឹមថ្មី ដើម្បីសម្រួលការលំបាករបស់ពលករខ្មែរនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ។ តំណាងឱ្យសម្តេចតេជោ ហ៊ុន សែន, លោកបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងការងារថៃ អាជ្ញាធរ និងរដ្ឋាភិបាលថៃ ដែលបានបង្ហាញជំហរផ្តល់នូវការគាំពារខ្ពស់ដល់ពលករខ្មែរ។

ក្នុងជំនួបនោះ លោក Suchart Chomklin ក៏បានផ្ញើការនឹករលឹក និងការសួរសុខទុក្ខជូនសម្តេចតេជោ ហ៊ុន សែន និងបានភ្ជាប់ជាមួយនូវវត្ថុអនុស្សាវរីយ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ៕