(រតនគិរី)៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំង បានបន្ដនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រគល់ជូនលោកតា លោកយាយអាយុ១០០ឆ្នាំឡើង ចំនួន៣នាក់នៅស្រុកវើនសៃ និងស្រុកអូរជុំ ខេត្តរតនគិរី ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ។

ក្នុងបេសកកម្មមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ចំពោះលោកតា លោកយាយដែលមានអាយុ១០០ឆ្នាំឡើងលើកនេះរបស់លោកស្រី ឱ វណ្ណឌីន ក៏មានការចូលរួមពីលោកស្រី វេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាផងដែរ។

លោកតា និងលោកយាយ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាឱកាសនោះ រួមមាន៖

* ទី១៖ លោកយាយ លី កាន់តាយ អាយុ១០៩ឆ្នាំ ជនជាតិខ្មែរកាត់ចិន រស់នៅភូមិកាឡាន់ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី
* ទី២៖ លោកយាយ ច្រលែក ប្លី អាយុ១០៨ឆ្នាំ ជនជាតិដើមភាគតិចគ្រឹង រស់នៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគីរី
* ទី៣៖ លោកតា ក្រឡា មេន អាយុ១០២ឆ្នាំ ជាជនជាតិដើមភាគតិចគ្រឹង រស់នៅភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី។

ក្នុងពិធីប្រគល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន, លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកយាយ និងលោកតា ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ អំណោយដែលទទួលបានក្នុងឱកាសនោះ រួមមាន ថវិកា ចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគជាច្រើនទៀតផងដែរ។

បន្ថែមពីនេះ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក៏បានបង្ហាញនូវក្ដីសប្បាយរីករាយជាមួយលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំ ហើយពួកគាត់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ និងទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នេះផងដែរ។

លោកស្រីវេជ្ជបណ្ឌិត Li Ailan ក៏បានស្ញប់ស្ញែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ឱកាសឲ្យលោកតា លោកយាយ អាចទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈពួកគាត់គឺជាជនដែលមានហានិភ័យខ្ពស់ ប្រសិនបើវីរុសដ៏កាចសាហាវនេះមួយវាយលុកលើរូបរាងកាយ។

សូមជម្រាបថា បើតាមផែនការដែលបានគ្រោងទុក នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ស្អែកនេះ លោកស្រី ឱ វណ្ណឌីន នឹងបន្ដដឹកនាំក្រុមការងារនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកតា លោកយាយ អាយុ១០០ឆ្នាំឡើង ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅខេត្តព្រៃវែង និងខេត្តស្វាយរៀងផងដែរ៕