(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែងថា អ្វីដែលជាការបារម្ភនៅពេលនេះ គឺការចរាចរនៃមេរោគកូវីដ១៩បប្លែងថ្មីនៅកម្ពុជា ដែលតម្រូវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្ដអនុវត្ដនូវវិធានសុខាភិបាល ដែលហៅថា អនុវត្ដវិធានការអន្ដរគមន៍មិនមែនឱសថ ឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីការរាតត្បាតធ្ងន់ធ្ងរនៅក្នុងសហគមន៍។

លោកស្រីវេជ្ជបណ្ឌិត Li Ailan ថ្លែងបន្ដថា «ខណៈនេះសូមប្រជាពលរដ្ឋ កុំបន្ថូរបន្ថយការអនុវត្ដនូវវិធានការពារកូវីដ១៩ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ ព្រោះ ពេលនេះមិនមែនជាពេលវេលាដែលត្រូវបន្ថូរបន្ថយការអនុវត្ដលឿនពេកទេ ខណៈដែលមេរោគបប្លែងថ្មី Delta នេះតែចរាចរនៅកម្ពុជា ដូច្នេះនេះជាពេលដែលយើងត្រូវចូលរួមគ្នាឱ្យបានពេញលេញ ដោយសា្មរតីទទួលខុសត្រូវខ្ពស់ កុំឱ្យមានការផ្ទុះឡើងវិញលក្ខណៈទ្រង់ទ្រាធំ»

ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសរួមដំណើរជាមួយលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាថវិកា៣លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោកតាលោកយាយចំនួន៣រូប ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រស់នៅខេត្តរតនគីរី នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។

លោកស្រី លី អាយឡាន បន្ថែមថា ជាការពិតទៅយើងមានការព្រួយបារម្ដចំពោះមេរោគបប្លែងថ្មី Delta ដែលមានកម្រិតឆ្លងខ្លាំង ហើយកំពុងតែចរាចរនៅកម្ពុជា នៅក្នុងសហគមន៍តាមរយៈការនាំចូលពីពលករមកពីក្រៅប្រទេស។ ដូច្នេះហើយត្រូវដាក់ចេញនូវសកម្មភាពឱ្យបានមុនពេលបន្ដឆ្លងលឿន និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

វាជាដំណឹងមិនល្អនោះដែលយើងចង់បាន ប៉ុន្ដែអ្វីជាដំណឹងល្អនោះ គឺយើងមានឧបករណ៍ជាច្រើន និងមានប្រសិទ្ធភាពចំពោះការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩។

លោកស្រីវេជ្ជបណ្ឌិត Li Ailan គូសបញ្ជាក់ថា «ពីរចំនុចដែលសំខាន់ការឆ្លើយតបនឹងមេរោគកូវីដ១៩ គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងការអនុវត្ដវិធានការអន្ដរគមន៍មិនមែនឱសថ ដែលយើងត្រូវធ្វើឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។ សម្រាប់ដំណើរចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខ្ញុំសង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា គ្រប់ធ្វើបានយ៉ាងល្អណាស់ លឿន និងមានប្រសិទ្ធភាព ត្បិតតែមានរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងមានប្រភេទបប្លែងថ្មី Delta ក៏ដោយ ប៉ុន្ដែយើងឃើញថាការឆ្លងនេះ មិនបានធ្វើឱ្យអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ដែលកាត់បន្ថយការឈឺធ្ងន់ ការសម្រាកពេទ្យ និងអត្រាស្លាប់ផងដែរ»

ទោះជាយ៉ាងណា លោកស្រីបានអំពាវនាវប្រជាពលរដ្ឋ ពិសេសយុវវ័យ ដែលធ្វើដំណើរ និងមានការជួបជុំច្រើន ដែលអាចឆ្លង និងចម្លងជំងឺកូវីដ១៩ នៅដល់ក្រុមគ្រួសារ និងសហគមន៍។ លើសពីនោះអាជីវកម្មទាំងអស់ សូមមេត្ដាអនុវត្ដ និងដាក់ចេញនូវវិធានការកាត់បន្ថយហានិភ័យ មុនពេលចាប់ផ្ដើមពេញលេញ ដើម្បីចៀសផុតពីការចម្លងមេរោគបប្លែងថ្មី បើឆ្លងក៏មានករណីឆ្លងតិចបំផុត៕