(រតនគិរី)៖ លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី ក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីដំណើរការ នៃការរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ក និងកន្លែងសម្រាប់ព្យាបាលអ្នកកើតជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋានខេត្តរតនគិរី។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា បានឲ្យដឹងថា សម្រាប់ខេត្តរតនគិរី គិតត្រឹមថ្ងៃទី១៩ ខែសីហាម្សិលមិញ នៅទូទាំងខេត្តរតនគិរី មានករណីកូវីដ១៩ សរុបចំនួន៩២៨នាក់ (ករណី Delta ១០នាក់), ព្យាបាលជាសះស្បើយចំនួន៦៩០នាក់ និងស្លាប់ចំនួន៧នាក់។

បន្ថែមពីនេះ លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានលើកឡើងអំពីយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនមនុស្សពេញវ័យចាប់ពី១៨ឆ្នាំឡើងទៅ ផងដែរ ដែលរហូតមកដល់ពេលនេះ ជិតសម្រេចបាន១០០ភាគរយហើយ ខណៈស្រុកមួយចំនួន បានបិទបញ្ចប់ដោយជោគជ័យនូវការងារចាក់វ៉ាក់សាំងនេះ។

សូមជម្រាបថា បើតាមការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាល សម្រាប់ខេត្តរតនគិរី មានប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មានជាង១២,០០០នាក់ ក្នុងនោះបូកទាំងអ្នកចំណូលស្រុកដែលមករកស៉ីវិនិយោគផងដែរ។

ដោយឡែក ចំពោះការងារចាក់វ៉ាក់សាំងជូនកុមារបច្ចុប្បន្នកំពុងដំណើរនៅក្រុងបានលុង ហើយតាមផែនការនឹងដំណើរការនៅបណ្ដាស្រុកផ្សេងៗទៀតទាំងអស់ ក្នុងខេត្ដរតនគិរី នៅសប្ដាហ៍ក្រោយនេះ៕

សូមស្ដាប់កិច្ចសម្ភាសន៍ទាំងស្រុងនៅខាងក្រោមនេះ៖