(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ បានផ្ញើលិខិតមួយប្រាប់ទៅ លោក ប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ឱ្យធ្វើការកែសម្រួលនូវប្រការមួយចំនួន នៃលក្ខន្តិកៈគណបក្សកែទម្រង់កម្ពុជាឡើងវិញ និងបំពេញឯកសារឱ្យបានគ្រប់គ្រាន់ បើមិនដូច្នោះទេ ក្រសួងមានសមត្ថកិច្ច នឹងមិនចុះបញ្ជីឱ្យឡើយ។

តាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន ក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ លោក ប៉ុល ហំម ថាខ្លួនបានទទួលរួចហើយ នូវសំណើសុំចុះឈ្មោះ «គណបក្សកែទម្រង់កម្ពុជា» ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ពាក់ព័ន្ធនឹងសំណើនេះ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថា ស្ថាបនិកគណបក្សកែទម្រង់កម្ពុជាពុំទាន់បានបំពេញសំណុំឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវស្របតាមបញ្ញត្តិមាត្រា៩ និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយពុំបានភ្ជាប់មកជាមួយនូវឯកសារមួយចំនួនរួមមាន៖ (១)សេចក្តីសម្រេច បង្កើតគណៈកម្មាធិការបណ្តោះអាសន្ន (២).គោលនយោបាយ និងកម្មវិធីនយោបាយសំខាន់ៗរបស់គណបក្ស និង(៣).លក្ខន្តិកៈគណបក្សពុំមានចុះកាលបរិច្ឆេទ និងហត្ថលេខារបស់ប្រធានគណបក្សឡើយ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទន្ទឹមនេះ លក្ខន្តិកៈគណបក្សមានកំហុសអក្ខរាវិរុទ្ធជាច្រើន ហើយខ្លឹមសារប្រការមួយចំនួន មានលក្ខណៈផ្ទុយនឹង បទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួមមានដូចខាងក្រោម៖

- ប្រការ៨ នៃលក្ខន្តិកៈ ចែងអំពីគោលនយោបាយ គឺផ្ទុយនឹងបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពី គណបក្សនយោបាយ ដែលបានកំណត់ឱ្យគណបក្សនយោបាយត្រូវរៀបចំគោលនយោបាយ និងកម្មវិធី នយោបាយសំខាន់ៗរបស់គណបក្សជាឯកសារដាច់ដោយឡែក និងត្រូវបំពេញខ្លឹមសារដូចមានកំណត់ក្នុង បញ្ញត្តិមាត្រា១០ ត្រង់ចំណុច ខ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
- ប្រការ៩ ប្រការ២០ ប្រការ២៥ ប្រការ៣០ ប្រការ៣៤ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយ នឹងបញ្ញត្តិមាត្រា១០ នៃច្បាប់ស្តីពីគណបក្នយោបាយ។
- ប្រការ២០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា១៧ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។
- ប្រការ៥០ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា២៧ នៃច្បាប់ស្តីពីគណបក្សនយោបាយ។
- ប្រការ៥៨ នៃលក្ខន្តិកៈ បានចែងខ្លឹមសារផ្ទុយនឹងបញ្ញត្តិមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយផងដែរ។

បន្ថែមពីនេះ ក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យ គណបក្សកែទម្រង់កម្ពុជា ត្រូវធ្វើការកែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈគណបក្សឱ្យបានច្បាស់លាស់ត្រឹមត្រូវស្របតាមបទប្បញ្ញត្តិ នៃច្បាប់ ស្តីពីគណបក្សនយោបាយឡើងវិញ។ រីឯ លក្ខន្តិកៈគណបក្សដែលបានកែសម្រួលត្រូវចុះកាលបរិច្ឆេទ និងចុះហត្ថលេខារបស់ប្រធានគណបក្ស រួចហើយត្រូវផ្ញើជូនមកក្រសួងមហាផ្ទៃវិញ ដោយភ្ជាប់មកជាមួយផងដែរ ឮនូវ៖ (១).សេចក្តីសម្រេចបង្កើតគណៈកម្មាធិការបណ្តោះអាសន្ន និង(២)៖ គោលនយោបាយ និងកម្មវិធី នយោបាយសំខាន់ៗរបស់គណបក្ស ក្នុងរយៈពេលយ៉ាងយូរ១៥(ដប់ប្រាំ)ថ្ងៃ គិតចាប់ពីថ្ងៃទទួលលិខិត ជូនដំណឹងនេះជាកំហិត។ ក្នុងករណីមិនអនុវត្តតាមស្មារតី នៃលិខិតជូនដំណឹងនេះ ក្រសួងមហាផ្ទៃនឹងមិន អនុញ្ញាតចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយឡើយ៕