(ហាណូយ)៖ ការសម្រេចចិត្តថ្មីៗនេះរបស់ប្រទេសចិន ក្នុងការបើកបង្ហូរទឹក ​មកកាន់ផ្នែកខាងក្រោម ចូលបណ្តាប្រទេសមេគង្គ គឺជាចលនាវិជ្ជមានមួយ នេះបើតាមការលើកឡើងរបស់លោក Binh Minh ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីការបរទេសវៀតណាម ចេញផ្សាយដោយសារព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦នេះ។

«ក្រោយមកទៀត ឡាវក៏បានបើកទឹកចេញពីទំនប់វារីអគ្គសនីរបស់ខ្លួន ជួយបង្កើនកម្រិតទឹកទន្លេមេគង្គ» នេះបើតាមសម្តីរបស់លោក Minh។ កាលពីដើមខែនេះ ចិនបានចាប់ផ្តើមបើកការផ្គត់ផ្គង់ទឹកសង្រ្គោះបន្ទាន់ ចេញពីស្ថានីយវារីអគ្គីសនី Jinghong នៅខេត្ត Yunnan ភាគខាងត្បូងឆៀងខាងលិចប្រទេស​ ដើម្បីជួយកាត់បន្ថយគ្រោះរាំងស្ងួត សម្រាប់បណ្តាប្រទេសផ្នែកខាងក្រោម។

លោក ​Minh បានប្រាប់អ្នកសារព័ត៌មានថា ក្នុងឆ្នាំ២០១៦ បណ្តាប្រទេសជាច្រើន បានទទួលរងការវាយប្រហារយ៉ាងខ្លាំង ដោយការផ្លាស់ប្តូរអាកាសធាតុ ជាពិសេសប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ចិនបានប្តេជ្ញាយ៉ាងរឹងមាំ ដូចជាផ្តល់ជំនួយមួយចំនួន តាមរយៈថវិកា និងម៉ាស៊ីនបូមទឹក សម្រាប់បណ្តាប្រទេស ដែលរងផលប៉ះពាល់។ ទន្លេមេគង្គមានប្រភពដើម នៅក្នុងប្រទេសចិន ហើយបានហូរកាត់តាមរយៈប្រទេសមីយ៉ាន់ម៉ា, ឡាវ, ថៃ, កម្ពុជា និងវៀតណាម ហើយវាត្រូវបានស្គាល់ថាឈ្មោះ Lancang នៅក្នុងប្រទេសចិន៕