(ភ្នំពេញ)៖ វីរៈភាពតស៊ូ និងការលះបង់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា ដើម្បីបុព្វហេតុជាតិ គឺមិនមានអ្នកណាម្នាក់សព្វថ្ងៃនេះធ្វើបានឡើយ។ សម្តេចតេជោ ហ៊ុន សែន គឺរួមសុខរួមទុក្ខនៅជាមួយពលរដ្ឋ ហើយលើកទឹកចិត្តពលរដ្ឋ ជាពិសេសយុវជនឲ្យខិតខំកសាងអំពើល្អ និងចូលរួមនៅក្នុងការងារសង្គមឲ្យបានច្រើន។

កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ដែលនឹងចាប់ផ្តើមនៅដើមខែ មេសាខាងមុខលើទំព័រ Facebook សម្តេចតេជោ គឺជាកម្មវិធីលើកទឹកចិត្ត និងជំរុញការចូលរួមរបស់យុវជន យុវនារី ឲ្យខិតខំកសាងអំពើល្អក្នុងសង្គមជាតិឲ្យកាន់តែច្រើន។

សម្តេចតេជោ តែងតែលើកតម្កើង និងចាត់ទុកពលរដ្ឋជាសហការីដ៏សំខាន់បំផុតនៅក្នុងការដឹកនាំ និងអភិវឌ្ឍន៌ប្រទេសជាមួយគ្នា មិនដូចបុគ្គលមួយចំនួនដែលចាត់ទុកពលរដ្ឋជាឧបករណ៌នយោបាយ ហើយឲ្យពលរដ្ឋធ្វើតាមតែខ្លួនចង់ ដោយមិនបានស្តាប់ មតិយោបល់ចូលរួមអ្វីពីប្រជាពលរដ្ឋឡើយ។ សម្តេចតេជោ ហ៊ុន សែន គឺនៅតែជាប្រមុខដឹកនាំដែលមានប្រជាប្រីយ៌ភាព និងទុកចិត្តបំផុតសម្រាប់កម្ពុជា ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។

សូមជំរាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» ជាកម្មវិធីមួយតម្រូវឱ្យអ្នកលេង Facebook ទាំងអស់មានចាប់អារម្មណ៍ចូលរួមបង្កើតជា៖ កំណាព្យ-អត្ថបទ, វីដេអូ, ចំរៀង ឬគំនូរ ហើយស្នើសុំដាក់បញ្ចូលទៅក្នុងទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន បើបេក្ខជនណាទទួលបានអ្នកគាំទ្រច្រើន នឹងឈ្នះរង្វាន់ក្នុងកម្មវិធីនេះ។

 

ខាងក្រោមនេះជា «បែបបទ និងគម្រោងកម្មវិធីប្រឡងប្រជែងដណ្តើមពានរង្វាន់» សម្រាប់អ្នកលេង Facebook

ក)៖ ប្រធានបទប្រកួតប្រជែងគឺ៖ យុវជនអាចជ្រើសរើសប្រធានបទដែលខ្លួនកំពុងមានសកម្មភាពជាក់ស្តែង និង ប្រធានបទណាដែលខ្លួនគិត និងយល់ដឹងថានឹងទទួលបានការគាំទ្រច្រើនដូចជា៖
១-សកម្មភាពអប់រំលើកស្ទយការគោរពច្បាប់ចរាចរ ។
២-សកម្មភាពនៃអំពីល្អទាំងឡាយដែលជួយទៅលើកុមារកំព្រា ស្រ្តីមេម៉ាយទីទាល់ក្រ និងជនចាស់ជរាគ្មានទីពឹង និងជនពិការ។
៣-សកម្មភាពជួយយកអាសារជនរងគ្រោះដូចជា គ្រោះថ្នាក់ចរាចរ អគ្គីភ័យ និងគ្រោះទឹកជំនន់ ។ល។
៤-សកម្មភាពសំអាតអនាម័យ សំរាមនៅតាមទីធ្លាសាធារណៈ និងក្នុងទីក្រុង។
៥-សកម្មភាពទប់ស្កាត់និងលុបបំបាត់គ្រឿងញៀន ។

ខ)៖ ជំនាញ និង ឯកទេសផលិត៖ យុវជនអាចជ្រើសការផលិតអោយចេញជាសាច់រឿងទៅតាមឯកទេស និងជំនាញ៤ប្រភេទដែលខ្លួនមានដូចខាងក្រោម៖
១-កំណាព្យ និងអត្ថបទ
២-វីដេអូ
៣-ចំរៀង
៤-គំនូរ

គ)៖ ការដាក់ពាក្យចូលរួមប្រកួតប្រជែង និងវិធីដាក់អោយពលរដ្ឋបោះឆ្នោត៖ Facebook សម្តេចតេជោ នឹងចេញសេចក្តីប្រកាសផ្លូវការអំពីកម្មវិធី និងលក្ខ័ន្ត នៃការប្រកួត (ខ្ញុំជាយុវជនគំរូកម្ពុជា- I am a Khmer youth Role Model) នៅក្នុងពេលឆាប់ៗខាងមុខនេះ។ កម្មវិធីនឹងកំណត់ទទួលការដាក់ពាក្យក្នុងម្តង គឺ ១០០ នាក់។ នៅពេលដែលអ្នកដាក់ពាក្យគ្រប់ ១០០ នាក់ហើយគឺ Web site នឹងបិទដោយស្វ័យប្រវត្តិ។

ឃ)៖ ការដាក់ពាក្យ៖ ក្រោយពីបានទទួលបាន ១០០ វីដេអូ ឬ ១០០ កំណាព្យ ឬ ១០០ ចំរៀង ឬ ១០០ គំនូរ ពីអ្នកដាក់ពាក្យហើយ គឺនឹងដាក់ផ្សាយនៅលើWebsite សម្តេចតេជោ អោយសាធារណៈជនចូលបោះឆ្នោត រយៈពេលចំនួន ៤ ថ្ងៃ ដើម្បីជ្រើសរើសបេក្ខជនដែលមានលំដាប់ខ្ពស់ជាងគេ ១០ នាក់ (Top 10) ដែលត្រូវយកទៅបង្ហោះលើ Facebook សម្តេចតេជោ ចំនួន ៣ ថ្ងៃថែមទៀត ដើម្បីជ្រើសរើសយកលេខ១ប្រចាំសប្តាហ៌ (Top 1) (មានរយៈពេល៧ ថ្ងៃ) ។ បេក្ខជនដែលទទួលបានការគាំទ្រ (Likes) ច្រើនជាងគេគឺនឹងទទួលរង្វាន់ Iphone 6(16GB) ពីកម្មវិធី និង លិខិតសរសើរ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ង)៖ លក្ខន្តិកៈសម្រាប់អ្នកចូលរួមលេងក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជា៖
១-មាន Account Facebook ពិត លេខទូរស័ព្វ និង Email
២-មានស្នាដៃ ឬមានបំណងបង្កើតស្នាដៃគំរូសម្រាប់យុវជន និងសង្គមជាតិ
៣-Add/Like Page Samdech Hun Sen, Cambodian Prime Minister
៤-ត្រូវដាក់ពាក្យ និងឯកសារប្រកួតប្រជែងនៅគេហទំព័រសម្តេចតេជោ ហ៊ុន សែន ទៅតាមថ្ងៃដែលបានប្រកាសជាសាធារណៈ (www.samdechhunsen.gov.kh)
៥-យើងទទួលតែ ឯកសារ (វិដេអូ កំណាព្យឬអត្តបទ ចម្រៀង និងគំនូរ ចំនួ ១០០ ដែលបានផ្ញើមកមុនគេ) ។ បេក្ខជនទាំង ១០០ នេះនឹងធ្វើការបោះឆ្នោតជម្រុះដោយសាធារណៈជន នៅវេបសាយ (www.samdechhunsen.gov.kh) រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃប្រកាសបញ្ចប់ការទទួលពាក្យ។ បន្ទាប់មកគឺយើងនឹងជ្រើសរើសបេក្ខជនចំនួន ១០ នាក់តែប៉ុណ្ណោះ ដែលបានបោះឆ្នោតគាំទ្រដោយសាធារណៈជន។ បេក្ខជនទាំង ១០ នាក់នេះ នឹងយកទៅប្រកួតនៅលើ Facebook សម្តេចតេជោ ចំនួន ៣ថ្ងៃ ដើម្បីអោយសាធារណៈជនបោះឆ្នោត Likes។ បេក្ខជនណាមួយដែលទទួលបាន Likes ច្រើនជាងគេ គឺនឹងទទួលជ័យលាភីពីកម្មវធី ។ សាធារណៈជនមានពេល៣ថ្ងៃដើម្បីចូលមកបោះឆ្នោត Likes បេក្ខជនដែលខ្លួនពេញចិត្ត។

ច)៖ សិទ្ឋិចូលរួមប្រកួតប្រកួតប្រជែង៖ ចំពោះបេក្ខជន បេក្ខនារីដែលបានប្រកួតឈ្នះ គឺពុំមានសិទ្ឋិចូលរួមប្រកួតប្រជែងទៀតឡើយ។ រីឯបេក្ខជនបេក្ខនារីដែលបានធ្លាក់លើប្រធានបទណាមួយគឺមានសិទ្ឋិដាក់ពាក្យចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធីប្រចាំសប្តាហ៍ជាបន្តទៀតទៅលើប្រធានបទផ្សេង។

ឆ)៖ ការប្រគល់រង្វាន់ និងប័ណ្ណសរសើរ៖ ចំពោះជ័យលាភីប្រចាំសប្តាហ៌ គឺនឹងទទួលរង្វាន់ និងប័ណ្ណសរសើរពីសម្តេចតេជោ នៅវិមានសន្តិភាព៕