(រតនគិរី)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រូវបានប្រគល់ជូនដល់ដៃលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ចំនួន៥រូប រស់នៅខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី បន្ទាប់ពីពួកគាត់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នាំយកទៅប្រគល់ជូនលោកតា លោកយាយ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពី លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

លោកតា លោកយាយ ដែលទទួលបានអំណោយមនុស្សរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈបេសកកម្មពេញមួយថ្ងៃនេះ រួមមាន៖

* ទី១៖ លោកយាយ ផាត់ ស៊ន់ អាយុ១០១ឆ្នាំ រស់នៅភូមិដូនម៉ៅក្រោម ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
* ទី២៖ លោកតា នង សន អាយុ១០១ឆ្នាំ នៅភូមិត្រពាំងស្នោ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
* ទី៣៖ លោកយាយ មាស ហ៉ីន អាយុ១០៣ឆ្នាំ (ប្រពន្ធលោកតា នង សន)
* ទី៤៖ លោកយាយ សាន់ ម៉ៃ សុំ អាយុ១០៣ឆ្នាំ រស់នៅភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
* ទី៥៖ លោកយាយ ក្លោង ខិល អាយុ១០០ឆ្នាំ (ជនជាតិភាគតិចទំពួន) រស់នៅភូមិបក ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

សូមជម្រាបថា ក្នុងពិធីប្រគល់អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន, លោកស្រី ឱ វណ្ណឌីន តែងតែបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនលោកតា លោកយាយ ព្រមទាំងបានជម្រាបសាកសួរអំពីស្ថានភាពសុខភាពរបស់ពួកគាត់ ក្រោយពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

លោកយាយ និងលោកតា ដែលបានចាក់វ៉ាក់សាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យគាត់បានចាក់វ៉ាក់សាំង និងបានផ្ដល់អំណោយជូនរូបគាត់នៅឱកាសនេះ។ អំណោយដែលទទួលបានក្នុងឱកាសនោះ រួមមាន ថវិកា ចំនួន៣លានរៀល និងគ្រឿងឧបភោគបរិភោគជាច្រើនទៀតផងដែរ។

បន្ថែមពីនេះ លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ក៏បានបង្ហាញនូវក្ដីសប្បាយរីករាយជាមួយលោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំ ហើយពួកគាត់ស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ និងទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នេះផងដែរ។

លោកស្រីវេជ្ជបណ្ឌិត Li Ailan ក៏បានស្ញប់ស្ញែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ដល់ឱកាសឲ្យលោកតា លោកយាយ អាចទទួលបាននូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ខណៈពួកគាត់គឺជាជនដែលមានហានិភ័យខ្ពស់ ប្រសិនបើវីរុសដ៏កាចសាហាវនេះមួយវាយលុកលើរូបរាងកាយ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ លោកតា លោកយាយ ដែលមានអាយុចាប់ពី១០០ឆ្នាំឡើង ហើយបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៥៣នាក់ហើយ ដែលបានទទួលអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ខណៈការផ្ដល់អំណោយនេះ នឹងធ្វើឡើងជាបន្ដបន្ទាប់តាមរយៈលោកស្រី ឱ វណ្ណឌីន។

តាមការគ្រោងទុក នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ស្អែកនេះ លោកស្រី ឱ វណ្ណឌីន ក្នុងនាមជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស នឹងបន្ដនាំយកនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនលោកតា លោកយាយ ជាច្រើននាក់ផ្សេងទៀត នៅក្នុងខេត្តរតនគិរី, ខេត្តព្រៃវែង និងខេត្តស្វាយរៀង៕