(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបន្តដាក់ចេញវិធានការរដ្ឋបាលជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្ត។

បើតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ត្រូវបានបន្តដាក់ចេញវិធានការរដ្ឋបាល ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ
ខេត្តព្រះសីហនុ សម្រាប់រយៈពេល ១៤ថ្ងៃបន្ថែមទៀត គិតចាប់ពីម៉ោងសូន្យនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ»។

រដ្ឋបាលខេត្ត បានឱ្យដឹងថាក្នុងអំឡុងពេលនៃការបន្តអនុវត្តវិធានការរដ្ឋបាលនេះត្រូវ៖

*ហាមឃាត់ការធ្វើសកម្មភាពការងារ មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេ, រង្គសាល, ឌីស្កូ តែក និងបៀហ្គាឌិន, រមណីយដ្ឋាន, រោងភាពយន្ត, រោងសម្តែងសិល្បៈ, សារមន្ទីរ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌល កីឡា, ហាងម៉ាស្សា កោស-ជប់,ហាងស៊ឹម-សូណា ស្ប៉ា…។ល។

*រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ជាមួយគ្នា, ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច, ការជួបជុំរបស់ស្ថាប័នសាធារណៈ, ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍ ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ១៩ និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩, ការជួបជុំរបស់បុគ្គលិកសុខាភិបាល ដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត និងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ, ការជួបជុំមនុស្សក្នុងអំឡុងពេល នៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ឬរបស់សាលាជម្រះក្តី ការជួបជុំដើម្បីចែកអំណោយមនុស្សធម៌ ឬជំនួយសង្គ្រោះបន្ទាន់ និងការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀត តាមការកំណត់របស់ អាជ្ញាធរមានសមត្ថកិច្ច។

*ហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។

*ភោជនីយដ្ឋាន អាហារដ្ឋានត្រូវបានអនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួនត្រឹមតែលក្ខណៈវេចខ្ចប់ប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឱ្យមានអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណ នៃទីកន្លែងលក់ដូររបស់ខ្លួនឡើយ លើកលែងតែភោជនីយដ្ឋាន អាហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាលជាពិសេស ការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម និងត្រូវអនុវត្តឱ្យស្របតាម សារាចរណែនាំ លេខ០០៨ សរណន ចុះថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២១ របស់ក្រសួងទេសចរណ៍ ស្តីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនិងវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទដែលតា (Delta)។

*រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស, សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលត្រូវបានអនុញ្ញាតត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល និងត្រូវប្រកាន់ខ្ជាប់ នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងការអនុវត្តវិធានការសុខាភិបាល ប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កវីដ» (Stop Covd) ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួនបំផុតនូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។

*ហាមឃាត់ការបើកដំណើរការឡើងវិញនូវផ្សាររដ្ឋ និងផ្សារឯកជន ដែលមានលក្ខណៈប្រមូលផ្តុំគ្មានរបៀបរៀបរយលើកលែងតែផ្សារដែលបានអនុវត្តតាមសេចក្តីណែនាំលេខ ០១៥/២១ សណន ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្ដុំ៕