(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន នាយកខុទ្ទកាល័យសម្តេចពិជ័យសេនា ទៀ បាញ់ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ បានទទួលម៉ាស់ចំនួន១០កេសធំ, អាល់កុល១០កាន, ជែលលាងដៃសម្លាប់មេរោគ២១០ដប, មី៦០កេសធំ និងថវិកាមួយចំនួន លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ ប្រធានក្រុមហ៊ុន វីអាយភី ខេម ខូអបភើរេសិន ដើម្បីចូលរួមកិច្ចការមនុស្សធម៌ និងសង្គម នៅមូលដ្ឋានខេត្តសៀមរាប និងខេត្តកោះកុង។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន វីអាយភី ដែលបានជួយគាំទ្រឧបត្ថម្ភជាថវិកា ស្បៀង ឧបករណ៍ សម្ភារៈ ជាការរួមចំណែកក្នុងការជួយរៀបចំមណ្ឌលចត្តាឡីស័ក និងកន្លែងព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល ជូនប្រជាពលរដ្ឋ និងពលករចំណាកស្រុកនៅក្នុងខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន បានជម្រាបជូនថា ជំនួយឧបត្ថម្ភនាថ្ងៃនេះ បានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងជំងឺបំប្លែងថ្មី Delta ដែលជាការយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការចូលរួមយ៉ាងសកម្មរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងនាពេលកន្លងមក និងទៅមុខទៀត។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន មានជំនឿយ៉ាងមុតមាំថា បន្ទាប់ពីបានជួបពិភាក្សា និងផ្តល់ថវិកា សម្ភារៈ និងស្បៀងឧបត្ថម្ភនាថ្ងៃនេះ ក្រុមហ៊ុនពិតជានឹងបន្តជួយគាំទ្របន្ថែមទៀត ដើម្បីចូលរួមយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ចូលរួមកិច្ចការមនុស្សធម៌ និងសង្គម ជាពុំខានឡើយ។

លោកឧត្តមសេនីយ៍ឯក ខៀវ ឆេន សូមសន្យាថានឹងចាត់ចែងថវិកា ឧបករណ៍ សម្ភារៈ ស្បៀង ដែលទទួលបានពីក្រុមហ៊ុន វីអាយភី នាថ្ងៃនេះ ប្រើប្រាស់ឱ្យមានតម្លាភាព ប្រសិទ្ធភាពខ្ពស់ ផ្តល់ជូនដល់ដៃប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងពលករជួបការលំបាកតាមការចង់បានរបស់ក្រុមហ៊ុន៕