(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ត្រូវបានបញ្ចប់ចាប់តាំងពីប្រទេសកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ លើកដំបូងហើយបង្កើតរដ្ឋាភិបាលថ្មី និងបង្កើតរដ្ឋធម្មនុញ្ញថ្មី ឆ្នាំ១៩៩៣ មកម្ល៉េះ។

ការបញ្ជាក់របស់ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានធ្វើឡើងបន្ទាប់ពីមានក្រុមអ្នកនយោបាយ អ្នកវិភាគ និងអង្គការសង្គមស៊ីវិលមួយចំនួន តែងតែលើកយក និងស្នើសុំឱ្យប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទាំងអស់ ឱ្យចូលរួមដោះស្រាយ ការសម្រេចមួយចំនួនរបស់រដ្ឋាភិបាលមកលើបក្ខពួករបស់ខ្លួនដែលប្រព្រឹត្តខុសនឹងច្បាប់កម្ពុជា។

ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពី «កម្ពុជា នៅចន្លោះមហាអំណាចិន និងសហរដ្ឋអាម៉េរិក» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ប្រធានរាជដណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមអ្នកទៅមើលរដ្ឋធម្មនុញ្ញ មានអ្នកសម្ភាសជាច្រើន មានអ្នកនយោបាយជាច្រើនតែងតែយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស...! ថ្ងៃនេះខ្ញុំ យកមកនៅទំព័រទី៤ ជាអក្សរខ្មែរ នៅទំព័រទី៩ ជាអក្សរអង់គ្លេស ក្នុងមាត្រា១ និយាយថាកិច្ចព្រមព្រៀងនេះចូលជាធរមាន ពេលដែលយើងចាប់ផ្តើមបញ្ជូនអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយ ហើយចប់នៅពេលដែលមានរដ្ឋាភិបាលថ្មី...! រដ្ឋាភិបាលមួយ គឺមានរដ្ឋធម្មនុញ្ញ គេមិនដែលយកសន្ធិសញ្ញាមួយដែលរលាយបាត់ហើយ នៅពេលដែលមានរដ្ឋាភិបាលមួយ មិនអាចប្រទេសមួយមានរដ្ឋធម្មនុញ្ញ២នោះទេ»

សន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលការបញ្ចប់ជាផ្លូវការនៃសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយ នៃជម្លោះកម្ពុជា មានបណ្តាប្រទេសចំនួន ១៨ប្រទេស បូកជាមួយនឹងប្រទេសកម្ពុជា បានចូលរួមចុះហត្ថលេខីក្នុងនោះរួមមាន៖ អាមេរិក, អង់គ្លេស, បារាំង, សូវៀត និងចិន គឺជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ឥណ្ឌូនេស៊ី, វៀតណាម,ឡាវ,ថៃ សិង្ហបុរី, ម៉ាឡេស៊ី, ហ្វីលីពីន និងប្រ៊ុយណេ គឺជាប្រទេសនៅតំប់អាស៊ីអាគ្នេយ៍ យូហ្គោស្លាវី គឺជាប្រទេសតំណាងឱ្យប្រទេសមិនចូលបក្សសម្ព័ន្ធ រួមជាមូយប្រទេស៤ផ្សេងទៀត គឺឥណ្ឌា, ជប៉ុន, កាណាដា និងអូស្រ្តាលី៕