(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានស្នើដល់អ្នកនយោបាយ និងអ្នកវិភាគមួយចំនួន សុំកុំឱ្យមានការប្រៀបធៀបប្រទេសកម្ពុជា និងប្រទេសភូមា ពីព្រោះប្រទេសកម្ពុជា គឺមានស្ថានភាពខុសគ្នា។

ឆ្លើយនឹងសំណួរអ្នកចូលរួម ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន និងសហរដ្ឋអាមេរិក» ដែលរៀបចំដោយរាជបណ្ឌិត្យសភា នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក គិន ភា បានស្នើយ៉ាងដូច្នេះថា៖ «សូមកុំយកកម្ពុជា ប្រៀបធៀបជាមួយប្រទេសភូមា វាជារឿងមួយខុសគ្នា ប្រៀបបានយកផ្លែប៉ោម ទៅប្រៀបធៀបជាមួយផ្លែក្រូច ឬប្រៀបបានដូចជាយើងយកគោ ទៅប្រៀបនឹងក្របី គឺប្រៀបធៀបគ្នាអត់បានទេ»

លោកបណ្ឌិត គិន ភា បានបន្ថែមថា ចរន្តណាមួយ ឬចលនាណាមួយដែលបង្កើតរដ្ឋាភិបាល ទោះហៅជារូបភាពអ្វីក៏ដោយ គឺជាេរឿងខុសច្បាប់ ដែលមិនអាចទទួលបាននូវការគាំទ្រ និងគ្មានធម្មានុរូបគ្រប់គ្រាន់ សម្រាប់ជានយោបាយរបស់ខ្លួនបានដែរ។

«អ្វីដែលគាត់លើកឡើងកន្លងមកនេះ គឺគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយ ជាការចាប់អារម្មណ៍សម្រាប់អ្នកសារព័ត៌មាន ឬសម្រាប់អ្នកគាំទ្ររបស់ខ្លួន ដើម្បីបង្ហាញអំពីសំលេងរបស់ខ្លួននៅខាងក្រៅតែប៉ុណ្ណោះ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត គិន ភា។

ក្នុងនាមជាបញ្ញាវ័ន្តមួយរូប លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា កម្ពុជា បច្ចុប្បន្ននេះ មិនមែនដូចកម្ពុជា ពីអតីតកាលនោះទេ លោកជឿជាក់ថាថ្នាក់ដឹកនាំរបស់កម្ពុជា មានភាពឆ្លាតវ៉ៃគ្រប់គ្រាន់ ក្នុងការកាន់ចង្កូតនយោបាយការបរទេស ដែលអាចបញ្ចៀសបាននូវហានិភ័យធំៗ ជាច្រើននៅក្នុងរយៈពេល៤០ឆ្នាំមកនេះ៕