(ភ្នំពេញ)៖ ក្នុងនាមជាបញ្ញវន្តម្នាក់ លោកបណ្ឌិត គិន ភា បានមើលឃើញថា ប្រទេសកម្ពុជា នឹងអាចកាត់បន្ថយបានស្ទើរតែទាំងស្រុងក្នុងការពឹងផ្អែកលើជំនួយបរទេស នៅពេលដែលប្រជាពលរដ្ឋទាំងអស់ មានភាពរឹងមាំខ្លាំងក្លា។

ឆ្លើយនឹងសំណួរអ្នកចូលរួម ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន និងសហរដ្ឋអាមេរិក» ដែលរៀបចំដោយរាជបណ្ឌិត្យសភា នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ លោក គិត ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសណាក៏ដោយ ក៏ត្រូវការជំនួយពីបរទេសដែរ រហូតដល់ពេលដែលមានសមត្ថភាពគ្រប់គ្រាន់ ប៉ុន្តែមិនមែនមានន័យថាយើងត្រូវដេកចាំជំនួយដោយឥតមានការអភិវឌ្ឍខ្លួនឯងទេ ហើយទោះបីជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនហើយ ក៏ត្រូវការជំនួយពីបរទេសដែរ។

លោកលើកឡើងដូច្នេះថា៖ «សួរថា តើប៉ុន្មានឆ្នាំទៀត នឹងមានភាពរឹងមាំ គឺត្រូវសួរទាំងអស់គ្នា សួរថាតើយើងបានក្លាយទៅជាពលរដ្ឋដែលខ្លាំង ពលរដ្ឋមួយដែលសកម្ម ពលរដ្ឋមួយដែលលទ្ធភាពពលរដ្ឋមួយដែលមា នវានុវត្តភាពសម្រាប់ខ្លួនឯង សម្រាប់ជាកោសិកាសង្គមហើយឬនៅ? ប្រទេសមួយខ្លាំង មិនអាស្រ័យលើថ្នាក់ដឹកនាំប៉ុន្មាននាក់ហ្នឹងទេ គឺអាស្រ័យលើពលរដ្ឋទាំងឡាយដែលខ្លាំង អាស្រ័យលើធនធានមនុស្សដែលខ្លាំង អាស្រ័យលើប្រព័ន្ធច្បាប់ ប្រព័ន្ធនយោបាយដែលខ្លាំង»

លោកបានបញ្ជាក់ថា អ្វីដែលកម្ពុជាធ្វើនាពេលនេះ គឺកម្ពុជាកំពុងតែពង្រឹងខ្លួនឯងហើយ ដោយចាប់ផ្តើមកសាងអ្វីៗទាំងអស់ជារបស់ខ្លួនឯង ដោយលោករំលឹកថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ នៅក្នុងស្ថាប័ន អង្គការនានានៅកម្ពុជា តែងមានជនបរទេសចូលរួម ប៉ុន្តែសព្វថ្ងៃនេះ ភាគច្រើននៅតាមស្ថាប័ន អង្គការទាំងនោះ គឺជាជនជាតិខ្មែរតែម្តង៕