(ភ្នំពេញ)៖ អ្នកកាសែតជើងចាស់ដ៏ល្បីឈ្មោះនៅកម្ពុជា លោក ពុយ គា ដែលអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានក្យូដូជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះសារព័ត៌មានចិននៅកម្ពុជា មានច្រើនជាងសារព័ត៌មានរបស់សហរដ្ឋអាមេរិកទៅទៀត ប៉ុន្តែចិនមិនដូចព័ត៌មានលោកខាងលិច ដែលផ្សាយតែពីភាពអវិជ្ជមាន រឿងអាស្រូវ របស់កម្ពុជាទេ។

លោក ពុយ គា បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី « កម្ពុជានៅចន្លោះមហាអំណាចចិន និងសហរដ្ឋអាមេរិក» ដែលវេទិកានេះ បានរៀនចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា។

លោក ពុយ គា បានលើកឡើងថា «បើក្រឡេកមើលពីសារព័ត៌មានរបស់ចិន នៅស្រុកខ្មែរវិញ មុននេះខ្ញុំនិយាយពីអាមេរិកនោះគឺមានសារព័ត៌មានរបស់អាមេរិក៣ មាន វិទ្យុអាស៊ីសេរី មាន VOA និង AP តែចិនសព្វថ្ងៃមានសារព័ត៌មានរដ្ឋចិននៅកម្ពុជា មានរហូតដល់៥ មានទីភ្នាក់ងារសារព័ត៌មានចិនសិនហ៊ួរ, វិទ្យុចិន, Economy dally, china News service, china News dally ទាំង៥នេះជារបស់រដ្ឋចិន ហើយក៏មានសារព័ត៌មានឯកជនមួយចំនួនទៀត ដែលកំពុងតែមានវត្តមាននៅកម្ពុជា ហើយការយកព័ត៌មាន ជាទូទៅការសរសេរតែងតែនិយាយព័ត៌មានច្រើនតែវិជ្ជមានពីកម្ពុជា ពីការអភិវឌ្ឍន៍ហូរហែរ មិនដូចព័ត៌មានលោកខាងលិច គាត់តែងផ្សាយអំពីអវិជ្ជមាន ពីរឿងអាស្រូវ ពីរឿងអសកម្ម អានឹងគឺជាទម្រង់សារព័ត៌មានទូទៅលោកខាងលិច»

លោក ពុយ គា បានឱ្យដឹងដែរថា ចំពោះសហរដ្ឋអាមេរិក បើនិយាយចំពោះនយោបាយការបរទេសរបស់អាមេរិក អ្វីដែលអាមេរិកមើលមកកម្ពុជា ហាក់ដូចជា មានរឿងរសើបច្រើន ក្នុងនោះក៏ឃើញសារព័ត៌មានចុះផ្សាយ ឬសេចក្តីថ្លែងការណ៍ផ្សេងៗ គឺមើលមកកម្ពុជា ហាក់ដូចជាប្រទេសមួយប្រកាន់របបផ្តាច់ការ កំពុងតែនៅមាន បញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស ហើយចុងក្រោយនេះគឺរឿងសំខាន់ទាក់ទងនឹងឥទ្ធិពលរបស់ចិន និងវត្តមានរបស់ចិននៅកម្ពុជា ដោយយកបញ្ហាសមុទ្រ កន្លែងសមុទ្ររាម កងនាវាជើងទឹករបស់កម្ពុជា ជាផ្ទាំងស៊ិបតែម្តង។

លោក ពុយ គា បានបន្ថែមថា អាមេរិកចាប់តាំងពីឆ្នាំ២០១៧ មកដល់ឆ្នាំ២០២១ បានព្យាយាមដាក់ជាទណ្ឌកម្មមកលើកម្ពុជា រហូតដល់៨ចំណុច មានដូចជា ប្រព័ន្ធអនុគ្រោះពន្ធ បញ្ហារឿងប្រជាធិបតេយ្យ ដែលសំដៅលើរឿងគណបក្សនយោបាយ ដាក់ទណ្ឌកម្មលើមេដឹកនាំកម្ពុជា និងឥស្សរជនមួយចំនួនទៀតដែលមាន សរុបចំនួន ៨ទៅ ហើយ។

អ្នកកាសែតជើងចាស់ដ៏ល្បីឈ្មោះនៅកម្ពុជារូបនេះ បានបន្ថែមថា ដោយឡែកចំពោះសារព័ត៌មានរបស់អាមេរិកវិញ ដែលមាននៅកម្ពុជាមានចំនួន៣ដូចជា វិទ្យុអាស៊ីសេរី VOA និង AP ដែលជាភ្នាក់ងារសារព័ត៌មានអាមេរិកនៅកម្ពុជា មានតែវិទ្យុអាស៊ីសេរីមួយទេ ដែលបានផ្សាយច្រើនរឿងបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ និងសិទ្ធមនុស្ស ហើយនឹង២ផ្សេងទៀត មិនសូវផ្សាយបានទូលំទូលាយនោះទេ៕