(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា បើកម្ពុជាមិនធ្វើកំពង់ផែទឹកជ្រៅទេ មិនអាចប្រកួតប្រជែងឈ្នះថៃ និងវៀតណាម បាននោះឡើយ។

លោកបណ្ឌិត បានថ្លែងបែបនេះ ក្នុងកិច្ចពិភាក្សាតុមូលស្ដីពី «កម្ពុជានៅចន្លោះមហាអំណាចចិន និងសហរដ្ឋអាមេរិក» នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអនឡាញ។

លោក សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពេលខ្ញុំដឹងថា ជប៉ុនមកធ្វើកំពង់ផែទឹកជ្រៅនៅកម្ពុជា អាមេរិកថាម៉េច? កម្ពុជា បើមិនធ្វើកំពង់ផែទឹកជ្រៅទេ មិនអាចឈ្នះវៀតណាមបានទេ មិនអាចឈ្នះថៃបានទេ ហើយយើងនឹងក្លាយជាអ្នកដឹកជញ្ជូន ដែលមានតម្លៃខ្ពស់ជាងគេបំផុត»

បើតាមលោកបណ្ឌិត, បើគ្មានកំពង់ផែទឹកជ្រៅទេ ធ្វើឲ្យកម្ពុជាខាតបង់ ដោយសារការដឹកជញ្ជូនមានតម្លៃថ្លៃ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីសម្ពោធចំណតផែពហុបំណង នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅដំបូងនៅកម្ពុជា។ កំពង់ផែនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីបម្រើ និងឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងឆ្លងកាត់ទំនិញដែលកើនឡើងកាន់តែច្រើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំឥតឈប់ឈរ។

ចំណតផែពហុបំណង ដែលសម្ពោធដាក់ឲ្យប្រើប្រាស់នេះ រួមមាន ចំណតផែទំនិញរាយប្រវែង៣៣០ ម៉ែត្រជម្រៅទឹក១៣.៥ម៉ែត្រ, ចំណតផែមូលដ្ឋានផ្គត់ផ្គង់ភស្តុភារ សម្រាប់ការរុករកប្រេងប្រវែង ២០០ម៉ែត្រ ជម្រៅទឹក៧.៥ម៉ែត្រ និងការផ្គត់ផ្គង់នាវាសណ្តោង (Tugboat) ក្រោមហិរញ្ញប្បទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៧៤លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ចំណតផែពហុបំណង កំពង់ផែក្រុងព្រះសីហនុ រួមជាមួយថវិកាបដិភាគ របស់រាជរដ្ឋាភិបាលសម្រាប់ ទទួលបន្ទុកលើការបង់ពន្ធ និងអាករផ្សេងៗ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា រាជរដ្ឋាភិបាល ក៏បានខ្ចីថវិកាពីជប៉ុន មកកសាងកំពង់ផែទឹកជ្រៅមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីឱ្យនាវា ៩៣ភាគរយ ដែលធ្វើដំណើរមកពីអាស៉ីប៉ាស៉ីហ្វិច អាចចុះចតនៅកំពង់ផែបាន ដើម្បីកាត់បន្ថយនូវតម្លៃនៃការដឹកជញ្ជូន។ លោកថ្លែងថា សព្វថ្ងៃនេះ មានតែនាវា ១៨ភាគរយតែប៉ុណ្ណោះ ដែលអាចូលបាននៅខេត្តព្រះសីហនុ ហើយត្រូវបន្តតាមកប៉ាល់តូចថែមទៀតទើបអាចចូលដល់ គឺត្រូវចំណាយថវិកាច្រើនណាស់ ដូចនេះរាជរដ្ឋាភិបាលបានដាក់សំណើរទៅភាគីជប៉ុន ហើយជប៉ុនក៏បានសម្រេចឱ្យខ្ចីថវិការជាង ២០០លានដុល្លារអាមេរិច ដើម្បីមកកសាងកំពង់ផែទឹកជ្រៅមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីកាត់បន្ថយចំណាយក្នុងការដឹកជញ្ជូន។

បន្ថែមលើនេះ កម្ពុជាក៏បាន និងកំពុងដំណើរការសាងសង់កំពង់ផែទឹកជ្រៅនៅខេត្តកំពត និងកោះកុងផងដែរ៕