(កំពង់ស្ពឺ)៖ អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រកាសរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទដែលតា B.1.617.2 (Delta) ចំនួន ១ករណី ក្នុងមណ្ឌលចត្តាឡីស័ក ខេត្តកំពង់ស្ពឺ។ នេះបើតាមសេក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៩ ខែសីហានេះ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ឱ្យដឹងយ៉ាងដូច្នេះថា៖ «នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យជំនាញបានទទួលលទ្ធផលពីការវិភាគរកមេរោគបំប្លែងថ្មី Delta ពីវិទ្យាស្ថានប៉ាស្ទ័រ ដោយបានឃើញករណីវិជ្ជមាន មេរោគបំប្លែងខ្លួនថ្មីប្រភេទនេះ នៅក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យឧដុង្គ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ចំនួន១នាក់ ឈ្មោះ ប៉ូច វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅភូមិខ្នារអំពិល ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ»

បច្ចុប្បន្នអ្នកជំងឺរូបនេះ ត្រូវបានក្រុមគ្រូពេទ្យដាក់ព្យាបាលនៅដាច់ដោយឡែក នៅមណ្ឌលពន្លឺថ្មី ជាមួយគ្នានេះ ក្រុមការងារជំនាញថ្នាក់ខេត្ត កំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ដើម្បីធ្វើសំណាកវត្ថុវិភាគទៅវិទ្យាស្ថានប៉ាស្ទ័រ វិភាគរកប្រភេទមេរោគកូវីដ១៩ បំប្លែងថ្មីទៅតាមបច្ចេកទេសសុខាភិបាលបន្តទៀត។

ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមក្រើនរំលឹក និងសូមអំពាវនាវយ៉ាងទទូច ដល់សាធារណជន និងប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ការពារខ្លួន និងកែប្រែទម្លាប់នៃការរស់នៅតាមបែបគន្លងថ្មី សម្របតាមបរិបទនៃជំងឺកូវីដ១៩ សំដៅបង្ការ គ្រប់គ្រង និង កាត់ខ្សែចម្លងនៃមេរោគកូវីដ១៩ ជាពិសេសពពួកប្រភេទមេរោគបំប្លែងថ្មីប្រភេទ Delta ដែលកំពុងបង្កគ្រោះភ័យ។

រដ្ឋបាលខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋ អនុវត្តឱ្យបានខ្ជាប់ខ្ននូវវិធានការ «៣កុំ និង៣ការពារ» ព្រមទាំងវិធាននៃការអនាម័យនានា តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការអនុវត្តនូវការតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសង្គម រួមជាមួយវិធានការរដ្ឋបាលដែលកំពុងមានជាធរមាន។

ទន្ទឹមនឹងនេះ សូមប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីសម្រេចរបស់រដ្ឋបាល ខេត្តកំពង់ស្ពឺ ស្តីពីការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងសូមកុំចេញក្រៅ ឬកាត់បន្ថយការធ្វើដំណើរចេញពីកន្លែងមួយ ទៅកន្លែងមួយ ក្នុងករណីមិនមានកិច្ចការចាំបាច់៕