(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំពិធីបើកយុទ្ធនាការថ្នាក់ជាតិ ក្រោមប្រធានបទ «រួមគា្នទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩»។ ពិធីនេះធ្វើនៅបរិវេណវត្តសំសមី ស្ថិតនៅក្នុងសង្កាត់ កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលមានការចូលរួមពីលោកទួ ន សុគន្ធា នាយករងរដ្ឋបាលសាលាខេត្តព្រៃវែង និងព្រះសង្ឃជាច្រើនអង្គផងដែរ។

លោក ទួន សុគន្ធា បានថ្លែងថា ចំពោះបញ្ហានៃការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅក្នុងសហគមន៍នៃខេត្តព្រៃវែង នាពេលកន្លងមកនេះ គឺមានការកើនឡើងច្រើន ដោយឡែកក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តព្រៃវែង មានការថមថយចុះការឆ្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ដោយក្នុងនោះ គឺខេត្តបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋអំពីវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមក្នុងការកាត់បន្ថយការឆ្លងរីករាលដាល នៃជំងឺនេះផងដែរ។

លោកបន្ថែមទៀតថា ទោះបីជាខេត្តព្រៃវែង មានការថយចុះនៃការឆ្លងជំងឺកូវីដ១៩ ក៏ពិតមែនក៏ប៉ុន្តែអាជ្ញាធរខេត្តនៅតែបង្កើនការអប់រំ ផ្សព្វផ្សាយ ណែនាំអំពីការអនុវត្តនូវវិធានការនាៗ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ១៩ នៅក្នុងខេត្តព្រៃវែង ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

សូមបញ្ជាក់ថា ការរៀបចំពិធីបើកយុទ្ធនាការថ្នាក់ជាតិក្រោមប្រធានបទ «រួមគា្នទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ១៩» នេះ ក្នុងគោលបំណងជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ ស្ថាប័នពាក់ព័ន្ធ សេវាឯកជន អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុងស្មារតីសាមគ្គីភាព ដើម្បីកាត់ផ្ដាច់ខ្សែចម្លងវីរុសកូវីដ១៩ ព្រមទាំងរស់នៅជាមួយនងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីឱ្យបានត្រឹមត្រូវ។

នៅក្នុងយុទ្ធនាការនេះដែរ ក៏មានការទូងស្គរ គ្រប់វត្តអារាម ព្រមៗគ្នាទូទាំងខេត្តព្រៃវែង ដើម្បីចូលរួមអនុវត្តទប់ស្កាត់ទាំងអស់គ្នាដើម្បីកាត់ដាច់ឫសគល់នៃការចម្លងនៃជំងឺកូវីដ១៩ នៅក្នុងខេត្តព្រៃវែង ឱ្យនៅកម្រិតទាបបំផុត៕