(ភ្នំពេញ)៖ លោក ម៉ន បណ្ឌិត្យ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា វិស័យព័ត៌មាននាពេលបច្ចុប្បន្ន កាន់តែមានភាពទូលំទូលាយ និងរីកចំរើន ដោយការរីកចំរើនមួយនេះ បានផ្ដល់ឱកាសកាន់តែសំបូរបែប ឲ្យមហាជនបានដឹង ពីដំណឹងគ្រប់ទិសទី។ ប៉ុន្តែលោកក៏បានរំឭកថា មានអ្នកព័ត៌មានមួយចំនួន ក៏បានដើរតួខុសតួនាទី បណ្ដាលឲ្យវិជ្ជាជីវៈទទួលការរិះគន់ផងដែរ។

លោកបានបន្ថែមថា «វិស័យសារព័ត៌មាន គឺពិតជាមានសារសំខាន់បំផុត ក្នុងការបញ្ជួនព័ត៌មានគ្រប់ទីកន្លែង គ្រប់ពេលវេលាទៅកាន់មហាជនគ្រប់រូបភាព ដើម្បីទទួលបានព័ត៌មានពិត ទោះបីជាស្ថិតនៅទីកន្លែងណា កាលៈទេសៈណាក៏ដោយ ប៉ុន្តែរាល់ការផ្សព្វផ្សាយ និងការបញ្ជួនព័ត៌មានទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ក្នុងករណីដែលសាម៉ីខ្លួន ឬអង្គភាពសារព័ត៌មានផ្សព្វផ្សាយ ចេញទៅលើសពីសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិលើសពីការពិត ឬនាំឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ។ ដូច្នេះអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានគប្បីត្រូវប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងក្រមសីលធម៌ជានិច្ច។ ការងារអ្វីក៏ដោយប្រសិនបើយើងធ្វើហួស ពីបន្ទាត់ព្រំដែនវារមែងតែងជួបគ្រោះថ្នាក់ជាក់ជាពុំខាន»

ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ត្រូវបានគេចាត់ទុកថា គឺជាការក្រើនរំឭកមួយ ដល់បណ្ដាអ្នកសារព័ត៌មានទាំងអស់ ជាពិសេសគឺអ្នកសារព័ត៌មាន ដែលតែងតែដើរតួជាអ្នកកាត់ក្ដី និងផ្សព្វផ្សាយលម្អៀង ដែលធ្វើឲ្យមានការរិះគន់ ពីស្រទាប់មហាជន បន្ទាប់ពីព័ត៌មានទាំងនោះ ធ្វើឲ្យមានការប៉ះពាល់ ឬជាព័ត៌មានដែលជះនូវឥទ្ធិពលអវិជ្ជមាន។

លោកក៏ដើរតួជាអ្នកចូលរួមបណ្ដុះបណ្ដាល និងចែករំលែកវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មានជារឿយៗ តាមរយៈក្រសួងផងដែរ៕