(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៨៩នាក់បន្ថែមទៀត ខណៈអ្នកជំងឺ ៣នាក់ បានស្លាប់ និងជាសះស្បើយ ៣៧៩នាក់។

តាមរបាយការណ៍ដែលទើបចេញផ្សាយនៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហាញថា អ្នកវិជ្ជមានជំងឺកូវីដ១៩ថ្មីនេះ ករណីទី១ ដល់ទី១៨ ជាករណីមានប្រភពចម្លងចេញពីផ្សារពួក, ករណីទី១៩ ដល់ទី២១ ជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី និងករណីទី២២ ជាករណីមានប្រភពចម្លងចេញពីផ្សារចារឈូក។

ករណីទី២៣ ដល់ករណីទី៣០ ជាករណីមានប្រភពចម្លង និងឆ្លងបន្តពីអ្នកដំណើរមកពីខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដោយឡែក ករណីទី៣១ ដល់ករណីទី៨៩គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។

ចំពោះអ្នកជាសះស្បើយទាំង៣៧៩នាក់ ត្រូវបានក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែនវត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ត្រឡប់ទៅលំនៅឋានវិញ ដោយត្រូវបន្តការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។។

ដោយឡែកករណីស្លាប់៣នាក់នេះរួមមាន៖

ទី១៖ ឈ្មោះ ងួន រួន ភេទស្រី អាយុ៦៩ឆ្នាំ អាសយដ្ឋាននៅភូមិគោកដូង ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៥ ខែសីហា និងបានស្លាប់ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៨៖៤០នាទី។

ទី២៖ ឈ្មោះ សេង ពុទ្ធី ភេទស្រី អាយុ៤៣ឆ្នាំ អាសយដ្ឋាននៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៧ ខែកក្កដា និងបានស្លាប់ នៅថ្ងៃទី១៥ ខែសីហា វេលាម៉ោង១០៖១៥នាទី។

ទី៣៖ ឈ្មោះ ជា សុខារី ភេទស្រី អាយុ៥៦ឆ្នាំ អាសយដ្ឋាននៅភូមិអន្លងត្នោត ឃុំជីក្រែង ស្រុកជីក្រែង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី០៦ ខែសីហា និងបានស្លាប់ នៅថ្ងៃទី១៤ ខែសីហា វេលាម៉ោង១៦៖២០នាទី។ អ្នកជំងឺខាងលើ បានស្លាប់ដោយសារជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៦,២០២នាក់។ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៤,៥៥៨នាក់ ស្លាប់ ៧៣នាក់ និង ១,៥៧១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក៕