(កណ្ដាល)៖ គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងនៅក្រុងតាខ្មៅ នាយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ រវាងរថយន្ទំនើបត និងរថយន្តដឹកទំនិញ ១គ្រឿងទៀត បណ្តាលឱ្យមនុស្សចំនួន០២នាក់ បានរងរបួសធ្ងន់០២នាក់ និងឆេះរថយន្តម៉ាកលុចស៊ីស (NX 200T) ឆេះខ្ទេច។

ហេតុការណ៍នេះ បានកើតឡើងត្រង់ចំណុចខាងមុខច្រកចូលបុរីសេរីមង្គល ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

យោងតាមរបាយការណ៍សមត្ថកិច្ចក្រុងតាខ្មៅ បានឱ្យដឹងថា មុនពេលកើតហេតុមាន រថយន្តមួយគ្រឿងម៉ាក DAEWO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2D-7735 បើកបរដោយឈ្មោះ ឡេង គឹមសយ ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិ ព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល និងអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះ ប៉ិត សុជាតិ ភេទស្រី អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិឃុំខាងលើ (រងរបួសធ្ងន់ទាំង០២) ត្រូវបានបងប្អូនដឹកយកទៅព្យាបាល នៅគ្លីនិកឯកជនមួយកន្លែងនៅស្រុកស្អាង។

របាយការណ៍បានបន្តថា រថយន្តបានបើកបរក្នុងទិសដៅពីត្បូង ទៅជើងរួចបត់ឆ្វេងត្រលប់ក្រោយក៏បានបុកជាមួយរថយន្តមួយគ្រឿងម៉ាកលុចស៊ីស NX 200T ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 2BO-8772 បើកបរក្នុងទិសដៅពីជើង ទៅត្បូងរួចរថយន្តក៏បានរេចង្កូតទៅស្តាំបុកបង្គោលភ្លើងដែក សម្រាប់បំភ្លឺផ្លូវមួយដើមបណ្ដាលឱ្យឆេះរថយន្តខ្ទេច។ អ្នកបើកបរគេចខ្លួនបាត់ (មិនទាន់ស្គាល់អត្តសញ្ញាណ)។

របាយការណ៍នគរបាលបានបញ្ជាក់ថា អ្នកបើកបររថយន្តម៉ាក DAEWO ពណ៌ខៀវ បើកបត់ឆ្វេងត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន និងអ្នកបើបររថយន្ថម៉ាកលុចស៊ីស NX 200T បើកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ បានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាន ដើម្បីចាត់ការតាមតិវិធី៕