(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានក្រសួងការពារជាតិ បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ប្រភេទ AstraZeneca ដូសទី៣ (ដូសជំរុញ) ជូនរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង ព្រមទាំងនាយទាហាន ពលទាហាន និងក្រុមគ្រួសារ ជាង៣ពាន់នាក់ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។

ពិធីបើកយុទ្ធនាការការចាក់វ៉ាក់សាំង ប្រភេទ AstraZeneca ដូសទី៣នេះ ធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិមួយចំនួន នៅទីស្តីការក្រសួងការពារជាតិ។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ដូសទី៣នេះ ប្រតិបត្តិការដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការជាតិ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងថា វ៉ាក់សាំង AstraZeneca ដែលចាក់ជូនកម្លាំងជួរមុខ នូវវ៉ាក់សាំដូសទី៣ នាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការ សម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ជាពិសេសមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta ដូច្នេះហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។

នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនសម្តេចតេជោ ហ៊ុន សែន, សម្តេចពិជ័យសេនា ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចពិជ័យសេនា ទៀ បាញ់ បានខិតខំប្រឹងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីចាក់វ៉ាក់សាំងប្រភេទ Astra Zeneca ដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងក្រុមគ្រួសារកងទ័ពនាពេលនេះជាដើម។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ក៏បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចាក់វ៉ាក់សាំងទាំង២ដូសរួចហើយ និងដល់ថ្ងៃកំណត់ចាក់ សូមចូលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន ក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីអាចឱ្យប្រទេសកម្ពុជា ឆាប់វិលទៅរកប្រក្រតីភាពឡើងវិញជាដើម។ល។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ ចូលស្រុកខ្មែរវិញ។ ដោយឡែក ការចាក់ជូនកងទ័ព និងគ្រួសារកងទ័ព ត្រូវប្រគល់សមត្ថកិច្ចជូនក្រសួងការពារជាតិ។

ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់រួចហើយ។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ផងដែរ៕