(កំពង់ធំ)៖ អនុវត្តតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយមានការចង្អុលបង្ហាញពីលោករដ្ឋមន្ត្រី ថោង ខុន និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ, អាជ្ញាធរស្រុកតាំងគោកក៏បានជួយសម្របសម្រួលជូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កថ្នាក់ស្រុក ឱ្យផ្លាស់ទៅធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានរៀងខ្លួនវិញ ជាមួយនឹងការបន្តទំនុកបម្រុងជូនប្រជាពលរដ្ឋប្រកបដោយការយកចិត្តទុកដាក់។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះឱ្យដឹងថា ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះនេះ គឺរស់នៅឃុំទ្រៀល ឃុំច្រនាង ឃុំស្វាយភ្លើង និងឃុំសូយោង ដោយពួកគាត់ត្រូវបានផ្លាស់ប្តូរពីកន្លែងមណ្ឌលចត្តាឡីស័កថ្នាក់ស្រុក មកធ្វើចត្តាឡីស័ននៅផ្ទះរៀងៗខ្លួនវិញ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។

អំលុងពេលធ្វើចត្តាឡីស័កនៅតាមផ្ទះនេះ លោកអភិបាលស្រុកបានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋសូមបន្តការអត់ធ្មត់ និងយោគយល់សហការជាមួយអាជ្ញាធរ ក្រុមគ្រូពេទ្យ ពិសេសត្រូវបន្តអនុវត្តតាមវិធានសុខាភិបាល ក៏ដូចជាវិធានការ «៣-កុំ និង ៣-ការពារ» របស់សម្ដេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល។ ប្រសិនបើមានអាការមិនប្រក្រតីយ៉ាងណានោះ ត្រូវទំនាក់ទំនងតាមទូរស័ព្ទទៅកាន់មេភូមិ ឬមេឃុំ ឬអាជ្ញាធរពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធររាយការណ៍ទៅក្រុមគ្រូពេទ្យឱ្យចុះទៅពិនិត្យឱ្យបានទាន់ពេលវេលា។

ជាក់ស្ដែង នាថ្ងៃទី១០ ខែសីហានេះដែរ លោកអភិបាលស្រុក ហាក់ ម៉ុងហួត បានដឹកនាំសហការី និងសប្បុរសជនមួយចំនួន ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋាន ព្រមទាំងបានពាំនាំនូវអំណោយមួយចំនួនយកទៅចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កផងដែរ។

លោក ហាក់ ម៉ុងហួត បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន លោករដ្ឋមន្ត្រី ថោង ខុន លោកបណ្ឌិត ងួន ញ៉ិល ព្រមទាំងលោកអភិបាលខេត្ត សុខ លូ ដែលលោកតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោកក៏ថ្លែងអំណរគុណដល់សប្បុរសជន ដែលតែងតែចូលរួមជាមួយរដ្ឋបាលស្រុកតាំងគោក ទាំងថវិកា និងកម្លាំងកាយចិត្ត ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងទំនុកបម្រុងដល់ប្រជាពលរដ្ឋផងដែរ។

លោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ការដែលអាជ្ញាធរស្រុកផ្លាស់ប្តូរទីតាំងចត្តាឡីស័ក ពីមណ្ឌលចត្តាឡីស័កថ្នាក់ស្រុកមកធ្វើចត្តាឡីស័កគេហដ្ឋានយ៉ាងដូច្នេះ គឺដោយសារអាជ្ញាធរត្រូវយកមណ្ឌលចត្តាឡីកថ្នាក់ស្រុកត្រៀមដាក់ពលករពីប្រទេសថៃ បន្ទាប់ពីទទួលបាននូវអនុសាសន៍ណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

លោកអភិបាលស្រុកតាំងគោកបានបន្ថែមថា ក្រោយពេលផ្លាស់ប្ដូរប្រជាពលរដ្ឋឱ្យទៅធ្វើចត្តាឡីស័កនៅតាមផ្ទះវិញហើយនោះ លោកបានដឹកនាំការរៀបចំមណ្ឌលចត្តាឡីស័កថ្នាក់ស្រុកឡើងវិញ ឱ្យបានរួចជាស្រេចហើយ ដើម្បីពលករមកពីប្រទេសថៃនាពេលខាងមុខនោះ។

នាឱកាសនោះដែរ ប្រជាពលរដ្ឋបង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណនូវការគិតគូរយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំ ព្រមទាំងលោកអភិបាលខេត្ត លោកអភិបាលស្រុក ដោយពួកគាត់បានអះអាងថា កាលនៅធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កថ្នាក់ស្រុក អាជ្ញាធរស្រុកបានផ្ដល់ម្ហូបអាហារទាំងបីពេល ផ្គត់ផ្គង់ម៉ាស អាល់កុល ព្រមទាំងសម្ភារៈជាច្រើនទៀត ហើយពេលនេះលោកអភិបាលស្រុកក៏បានមកសួរសុខទុក្ខដល់គេហដ្ឋាន ព្រមទាំងមានអំណោយកំដរខ្លះទៀត៕