(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានព្រមានផាកពិន័យធ្ងន់ធ្ងរលើអ្នកមិនពាក់ម៉ាស់ និងជួបជុំគ្នានៅទីសាធារណៈ។ លោកបញ្ជាក់ថា អាជ្ញាធរបានអនុវត្តខ្លះមកហើយនៅពេលកន្លងមក តែមិនទាន់ផាកច្រើនទេ ដោយយោគយល់ប្រជាពលរដ្ឋ។

ថ្លែងក្នុងឱកាសចុះពិនិត្យស្ថានភាពទូទៅនៅបរិវេណផ្សារលើធំថ្មីនៅព្រឹកថ្ងៃទី៩ ខែសីហានេះ លោកអភិបាលខេត្ត ទៀ សីហា បានលើកឡើងថា អាជ្ញាធរនឹងចាប់ផ្តើមអនុវត្តច្បាប់ស្ដីពីការផាកពិន័យអ្នកមិនគោរពច្បាប់ មិនព្រមពាក់ម៉ាស់ ឬបន្តជួបជុំគ្នាច្រើននៅទីសាធារណៈ។ លោកបន្តថា «កន្លងមកអនុវត្តរួចហើយ តែផាកតិចបំផុត។ តែឥឡូវជំងឺកូវីដ១៩ កំពុងរាលដាលខ្លាំងក្នុងផ្សារ ក៏ដូចជាប្រជុំជនមួយចំនួន យើងនឹងអនុវត្តច្បាប់ផាកពិន័យតែម្ដង នរណាមិនពាក់ម៉ាស់ នរណានៅជុំគ្នានៅកន្លែងសាធារណៈ គឺយើងនឹងផាកពិន័យតែម្ដង»។

ជាមួយគ្នានោះ តាមការបញ្ជាក់ពីលោកអភិបាលខេត្ត មកដល់សព្វថ្ងៃនេះ ខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទដែលតា សរុបប្រមាណ៨០នាក់ហើយ។ អ្នកជំងឺខ្លះជាពលករចំណាកស្រុក និងខ្លះទៀត បានឆ្លងក្នុងសហគមន៍ ដែលជាក្ដីបារម្ភមួយសម្រាប់អាជ្ញាធរខេត្ត។

លោក ទៀ សីហា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋត្រូវប្រយ័ត្នពីមេរោគដែលតា ប្រភេទថ្មីនេះ វាមិនត្រឹមឆ្លងលឿនទេ តែពិបាកព្យាបាល ហើយអាត្រាការស្លាប់កើនជាងមុនខ្លាំង។

សូមបញ្ជាក់ដែរថា ក្នុងឱកាសចុះពិនិត្យស្ថានភាពទូទៅនៅផ្សារលើធំថ្មី ដែលបានបិទខ្ទប់ជិត២ខែមកនេះ លោកអភិបាលខេត្ត ក៏បង្ហើបពីគម្រោងបើកផ្សារនេះឡើងវិញនាពេលឆាប់ៗខាងមុខ ក្រោយរដ្ឋបាលក្រុងរៀបចំសណ្ដាប់ធ្នាប់ និងគម្លាតសុវត្ថិភាពជាមុនសិន ដើម្បីឱ្យប្រាកដថា មិនមានហានិភ័យក្នុងការឆ្លងរាលដាលជំងឺកូវីដ១៩៕