(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី១០ ខែសីហាតទៅ តាមការអញ្ជើញ និងទំនាក់ទំនងអាជ្ញាធរមូលដ្ឋាន ដែលមានទីតាំងកំណត់ជូន។

បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ទន្ទឹមនឹងនេះចំពោះកុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ (អនុញ្ញាតឱ្យកុមារមានអាយុ ១២ឆ្នាំ ខ្វះ៣០ថ្ងៃ) ត្រូវយកមកនូវឯកសារដូចខាងក្រោម៖

*លិខិតឆ្លងដែន
*សំបុត្រកំណើត
*អត្តសញ្ញាណប័ណ្ណ
*លិខិតបញ្ជាក់ពីអាជ្ញាធរ

ការចាក់វ៉ាក់សាំងកូវីដ១៩ ដល់កុមារ និងយុវវ័យមានអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ត្រូវមានលិខិតព្រមព្រៀងអនុញ្ញាតឱ្យចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ជាលាយលក្ខណ៍អក្សរពីសំណាក់៖

*មាតាបិតា ឬអាណាព្យាបាល ក្នុងករណី កុមារ ឬយុវវ័យនោះស្នាក់នៅឆ្ងាយពីមាតាបិតា ឬអាណាព្យាបាលតម្រូវឱ្យ មាតាបិតា ឬអាណាព្យាបាលបំពេញនូវលិខិតព្រមព្រៀងនេះ ជាលាយលក្ខណ៍អក្សរ ដើម្បីឱ្យក្រុមគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំងផ្ទាល់
*អ្នកគ្រប់គ្រងចំពោះកុមារកំព្រារដែលរស់នៅតាមមណ្ឌល
*ក្នុងករណីកុមារ និងយុវវ័យនោះជាជនអនាថាដែលពុំមានអាព្យាបាល ឬមានមានទីតាំង ស្នាក់នៅពិតប្រាកដត្រូវមានលិខិតបញ្ជាក់ចេញដោយអាជ្ញាធរមូលដ្ឋាន។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តកំពង់ស្ពឺ សូមក្រើនរំលឹក និងអំពាវនាវ ចំពោះមាតាបិតា និងអាណា ព្យាបាល ដែលត្រូវនាំបុត្រធីតា ឬសាច់ញាតិ ទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគន្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស់ តម្រង់ជួរជៀសវាងការឈរប្រជ្រៀតគ្នាហើយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣កុំ និងការពារ» របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕