(ភ្នំពេញ)៖ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងមូលដ្ឋាន និងដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតហើយកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅផ្ទះ នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ហើយកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន៦៣គ្រួសារ ស្ថិតនៅគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះលោក ម៉ម ប៊ុននាង បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលបំពេញការងារនៅឃុំគោតត្រប់ ជាពិសេសជូនប្រជាពលរដ្ឋនៅឃុំគោកត្រប់ទាំងអស់ ប្រកបដោយក្តីនឹករលឹក ព្រមទាំងការគិតគូរដោយយកចិត្តទុក ដាក់ខ្ពស់អំពីសុខទុក្ខ សុខុមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននីមួយៗ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលខ្លាំងនៅទូទាំងប្រទេស ជាពិសេសជំងឺកូវីដ-១៩ ប្រភេទថ្មី (Delta) ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍ ពីព្រោះថាជំងឺកូវីដប្រភេទថ្មីនេះ វាកាចសាហាវ និងឆ្លងលឿនជាងមុន ដូច្នេះសម្តេចប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ និងបានខិតខំអនុវត្តនូវវិធានការមួយចំនួនក្នុងកាត់ផ្តាច់នូវការឆ្លងមេរោគកូវីដ-១៩ នៅក្នុងមូលដ្ឋាននីមួយៗ។ ដូច្នេះសូមប្រជាពលរដ្ឋមេត្តាអត់ធ្មត់ យោគយល់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវជំងឺកូវីដ-១៩ទាំងអស់គ្នា ពិសេសត្រូវអនុវត្តវិធានការ «៣កុំ និង៣ការពារ និង២ចូលរួម» ដើម្បីចៀសវាងការឆ្លងនូវជំងឺកូវីដ-១៩ ជាពិសេសដើម្បីកាត់ ផ្តាច់ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់រហ័ស។

លោកបានបន្ថែមថា ក្នុងដំណាក់កាលនេះមានតែកិច្ចសហការ និងការចូលរួមរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទេ ទើបអាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះ ពិសេសអាជ្ញាធរត្រូវអនុវត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួន ហើយសូមនាំកូនៗរបស់ខ្លួនដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់អាយុ១៨ឆ្នាំ ទៅចាក់វ៉ាក់សាំងឱ្យគ្រប់ៗគ្នា និងសូមឱ្យមានការជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចការនឿយហត់ដើម្បីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។

អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនប្រជាពលរដ្ឋនាឱកាសនោះរួមមាន៖ អង្ករ២០គីឡូ មី០១កេសតូច ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ អំបិល០១គីឡូក្រាម ត្រីខ១យួរ ស្ករស១កញ្ចប់ ប៊ីចេង០១កញ្ចប់ ម៉ាស០១ប្រអប់ និងថវិកាចំនួន៥០,០០០រៀល។

ក្នុងឱកាសនោះដែរ លោក ម៉ម ប៊ុននាង បានឧបត្ថម្ភបន្ថែមដល់ប៉ុស្តិ៍នគរបាលឃុំគោកត្រប់១២០,០០០រៀល និងឧបត្ថម្ភដល់រដ្ឋបាលឃុំគោកត្រប់ថវិកាចំនួន១លានរៀល ដោយចំណាយអស់ថវិកាសរុបចំនួន១២,៩៧៦,៥០០រៀល៕