(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ជាដូសទី៣ ជូនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta។

ក្នុងឱកាសនោះ លោក ប្រាក់ សុវណ្ណ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង Astra Zeneca សម្រាប់ចាក់ដូសទី៣បន្ថែម ជំរុញឱ្យមានអង្គបក្ខដិបក្ខក្នុងខ្លួនយើងប្រឆាំងជំងឺកូវីដ១៩ ជូនដល់មន្ត្រីជួរមុខ រួមមាន លោកគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងជួរមុខ នៅក្នុងខេត្តទាំង ៧ ជាប់ព្រំដែនថៃ ហើយក្នុងនោះក៏មានខេត្តព្រះវិហារផងដែរ។

លោកអភិបាលខេត្តបានថ្លែងទៀតថា កន្លងមក ខេត្តបានចាក់វ៉ាក់សាំងជូនកងកម្លាំងទាំង ៣ មន្ត្រីរាជាការទូទាំងខេត្តចំនួន ២ដូស រួចរាល់ហើយៗ ក៏បានចាក់ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ បានចំនួន ៨ ក្រុង-ស្រុក គឺប្រជាពលរដ្ឋ ១០០% ក្នុងនោះក្រុងព្រះវិហារ ស្រុករវៀងនិងស្រុកជាំក្សាន្ត កំពុងបន្តចាក់ដូសទី២ ចំណែកស្រុកគូលែន ស្រុកសង្គមថ្មី ស្រុកជ័យសែន ស្រុកឆែប និងស្រុកត្បែងមានជ័យ កំពុងចាក់វ៉ាក់សាំង Jonhson & Jonhson ចំនួន ១ដូស តែប៉ុណ្ណោះ ប៉ុន្តែមិនទាន់គ្រប់ចំនួនប្រជាពលរដ្ឋទាំងអស់ទេ គឺបានប្រមាណ ៧០% តែប៉ុណ្ណោះ ដូច្នេះប្រជាពលរដ្ឋខេត្តព្រះវិហារជិតទទួលបានវ៉ាក់សាំងគ្រប់ៗគ្នាហើយ និងត្រៀមចាក់វ៉ាក់សាំងជូនកុមារអាយុ ១២ ឆ្នាំដល់ ១៧ ឆ្នាំបន្តទៀត។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំណរគុណដល់បុគ្គលិកពេទ្យ កម្លាំងសមត្ថកិច្ចនិងមន្ត្រីស៉ីវិលជួរមុខ ដែលបានលះបង់អស់កម្លាំងកាយចិត្តនិងធនធានផ្ទាល់ខ្លួន ចូលរួមយ៉ាងសកម្មបំផុតគ្រប់សកម្មភាពក្នុងមូលដ្ឋានរបស់ខ្លួន ជាពលសេសក្នុងពេលបិទខ្ទប់នេះ គឺពិតជាមានការលំបាកច្រើនចំពោះមន្ត្រី ក៏ប៉ុន្តែវាជាកាតព្វកិច្ចនិងតួនាទីទាំងអស់គ្នា ដែលជាអ្នកបម្រើរាស្ត្រ គឺមិនត្រូវគេចវេសពីការងារនិងភារកិច្ចឡើយ។

ដោយឡែកលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹងថា «អនុគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅខេត្តព្រះវិហារ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បានទទួលវ៉ាក់សាំង AstraZeneca ពីក្រសួងសុខាភិបាលចំនួន ៦,២០០ដូស សម្រាប់រៀបចំចាក់ជូនមន្ត្រីរាជការជួរមុខដូសលើកទី៣ ជាដូសជំរុញ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងកូវីដ១៩។

លោក គួង ឡូ បានថ្លែងបន្តទៀតថាថា ការរៀបចំចាក់វ៉ាក់សាំងដូសលើកទី៣នេះ គឺអនុគណៈកម្មការរៀបចំចាក់ជូនមន្ត្រីជួរមុខមុនគេ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ១៩ ពីព្រោះកងកម្លាំងមានភារកាតព្វកិច្ចការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ដែលមន្ត្រីជួរមុខទាំងអស់នោះ គឺគាត់មានការប្រឈមខ្លាំងជាងគេក្នុងការដែលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ចូលស្រុកវិញ ដែលរាជរដ្ឋាភិបាល និងប្រកាសឱ្យពលករខ្មែរវិលចូលស្រុកវិញ ដើម្បីធ្វើការព្យាបាលក្នុងប្រទេសខ្លួនឯងវិញ បើសិនជាមានវិជ្ជមានកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃចូលស្រុកខ្មែរវិញ។រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ បានសម្រេចឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀតនៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី Delta ដែលកំពុងរីករាលដាលយ៉ាងខ្លាំងក្លានៅក្នុងតំបន់។

ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង AstraZeneca ដែលជាដូសជំរុញសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម ឬស៊ីណូវ៉ាក់រួចហើយ។ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតដើម្បីបន្តចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ផងដែរ៕