(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុនយូនីស៊ីធី (Unicity Make Life Better) ពីររូប ពីបទឆបោក បន្ទាប់ពីពួកគេទៅល្បួងប្រជាពលរដ្ឋឱ្យខ្ចីលុយធានាគារទិញផលិតផលខ្លួន។ បុគ្គលពីររូបនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការ ហើយត្រូវបានចៅក្រមចេញដីកាឱ្យឃុំខ្លួនផងដែរ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែសីហា នេះថា ការឃាត់ខ្លួនបុគ្គលទាំងពីររូប បានធ្វើឡើងកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ។

លោកស្នងការ បានបញ្ជាក់ថា ការឃាត់ខ្លួនធ្វើឡើងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពីករណីឆបោក។

បុគ្គលិកក្រុមហ៊ុនយូនីស៊ីធី ដែលបានឃាត់ខ្លួននេះ រួមមាន៖ ១៖ ឈ្មោះ វ៉ិត សុខរឺន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន យូនីសុីធី មានទីលំនៅភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។
២៖ ឈ្មោះ ជា ប៊ីន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនយូនីសុីធី មានទីលំនៅ ភូមិក្រាំងពង្រ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។

យោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ បានរៀបរាប់ថា កាលពីពេលកន្លងទៅថ្មីៗនេះ ជនទាំងពីរនាក់ខាងលើ បានអះអាងថា បានចុះទៅផ្សព្វផ្សាយ និងលក់ឱសថអាហារបំប៉នសុខភាពរបស់ក្រុមហ៊ុនយូនីស៊ីធី ដោយអះអាងពីគុណភាព និងប្រសិទ្ធភាពក្នុងការព្យាបាលជំងឺផ្សេងៗ។

ក្នុងពាក្យបណ្តឹងបន្តថា បន្ថែមពីនោះពួកគេបានបញ្ចុះបញ្ចូល និងអូសទាញឱ្យអតិថិជនប្រើប្រាស់ផលិតផល ដោយអះអាងថា បានប្រាក់ចំណេញមកវិញ និងមានឱកាសរកប្រាក់ចំណូលបានមកពីការឃោសនាលក់ផលិតផលរបស់ក្រុមហ៊ុនបន្ដ ផ្លាស់ប្ដូរឋានៈពីអ្នកប្រើប្រាស់ធម្មតាទៅជាភ្នាក់ងារចែកចាយកម្រិតបឋម និងអ្នកខ្លះក្លាយជាប្រធានផ្នែកគ្រប់គ្រងតំបន់ក៏មាន ដោយការយកប្រាក់សុទ្ធមកធ្វើការទិញកញ្ចប់វិនិយោគជាមួយក្រុមហ៊ុន។

បន្ទាប់ពីបានបញ្ចុះបញ្ចូលហើយនោះ បុគ្គលទាំងពីរខាងលើ រួមនឹងបក្ខពួក ៤នាក់ផ្សេងទៀត បានណែនាំម្ចាស់ពាក្យបណ្តឹង ទិញកញ្ចប់អាហារបំប៉នសុខភាពរបស់ពួកគេកញ្ចប់តម្លៃ ២៥,០០០ដុល្លាអាមេរិក ដោយសន្យាផ្ដល់ភាគលាភ ក្នុងមួយខែចំនួន ៣,០០០ដុល្លាអាមេរិក និងទទួលបានកាតមាសពីក្រុមហ៊ុនសម្រាប់ការបំពេញការងារនឹងទៅថៃ្ងអនាគត ចូលនិវត្ដន៍ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពី ១,៥០០ដុល្លាអាមេរិក ទៅ ៣,៥០០ដុល្លាអាមេរិក និងមានឱកាសទៅបរទេសដើរលេងតាមទ្វីបអរ៉ុប និងអាស៊ី។ល។

ក្រោយពីការពន្យល់រួច ម្ចាស់បំណុលជាជនរងគ្រោះបានយល់ព្រម ប៉ុន្ដែមិនមានប្រាក់គ្រប់ចំនួននោះឡើយ។ ជនដែលអះអាងជាបុគ្គលិកក្រុមហ៊ុនយូនីស៊ីធី បានបង្គាប់ឱ្យជនរងគ្រោះយកទ្រព្យផ្ទាល់ខ្លួនទៅដាក់បញ្ចាំយកប្រាក់ ដោយបានណែនាំទីផ្សារទទួលបញ្ចាំឯកជនងាយឆាប់រហ័សមិនចាំបាច់រត់ការស្មុគស្មាញយូរឡើយ និងបានធានាថា ក្នុងករណីខែដំបូងក្រុមហ៊ុនជួយចេញថ្លៃការប្រាក់ចំនួនពីរខែ។

ក្រោយពីទទួលបានប្រាក់ដល់ដៃពួកគេហើយ គឺគេចខ្លួនជារៀងរហូតមិនមានអ្វីដូចការសន្យាគ្រាដំបូង គឺចេះតែសន្យារកលេសនេះលេសនោះថា ក្រុមហ៊ុនកំពុងតែចាត់ចែងនាំអតិថិជនទៅក្រៅប្រទេស និងកំពុងនាំផលិតផលថ្មីចូលមកទៀត «កុំភ័យថវិកាមិនបាត់បង់ទេ»។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បុគ្គលរងបណ្តឹងឆបោកទាំងពីរខាងលើ ត្រូវបានលោកបញ្ជូនទៅតុលាការ ហើយចៅក្រមបានសម្រេចឃុំខ្លួនផងដែរ។ ដោយឡែកបក្ខពួក៤រូបផ្សេងទៀត កម្លាំងនគរបាលខេត្ត កំពុងតាមរកចាប់ខ្លួនផងដែរ។

បើតាមលោកឧត្តមសេនីយ៍ទោ សម សាមួន ក្រៅតែពីករណីខាងលើ លោកក៏ទទួលបានបណ្តឹងផ្សេងៗទៀត ដូចករណីខាងលើនេះ ហើយកំពុងចាត់ការ និងតាមស្វែងរកជនរងបណ្តឹងនោះ។

លោកស្នងការ បានស្នើដល់ប្រជាពលរដ្ឋបាត់បង់ថវិកាតាមរយៈការឆបោកបែបខាងលើនេះ ដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបន្តទៀត ដើម្បីលោកចាត់ការច្បាប់ ដើម្បីទប់ស្កាត់កុំឱ្យមានការចាញ់បោកបែបនេះបន្តទៅទៀត៕