(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបើកកិច្ចប្រជុំរបស់ខ្លួន ដើម្បីបូកសរុបសមិទ្ធផលការងារ និងទិសដៅបន្តរបស់ខ្លួន ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងវត្តមានសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកាអង្គប្រជុំ សរុបប្រមាណ២០០នាក់។

ផ្តើមបើកកិច្ចប្រជុំ លោក ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបដែលបានយកអស់កម្លាំងកាយចិត្ត ចូលរួមធ្វើសកម្មភាពដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន។
ជាពិសេសនៅក្នុងដំណាក់កាល នៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ កម្លាំងស្ម័គ្រចិត្តរបស់ ស.ស.យ.ក. បានក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងយុទ្ធនាការប្រយុទ្ធនឹងការឆ្លងរាលដាល នៃជំងឺដ៏កាចសាហាវមួយនេះ ដោយចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ ដែនដី ក្រុមគ្រូពេទ្យ ក្នុងការបញ្រ្ជាបការយល់ដឹងពីគក្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ការចូលរួមសម្របសម្រួលចាក់វ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ១៩ផងដែរ។

នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញឲ្យឃើញថា លើការងារពង្រឹង និងពង្រីកអង្គការចាត់តាំង ស.ស.យ.ក. សម្រេចបានការរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនដល់ថ្នាក់មូលដ្ឋានដោយ ថ្នាក់ក្រុង ស្រុក ខណ្ឌ សម្រេចបាន ១០០% និងថ្នាក់ឃុំ សង្កាត់ បាន ៨៥,១៨%។ ដោយឡែកសមាជិក សមាជិកា ទូទាំងប្រទេសមានចំនួនប្រមាណ ១៨ម៉ឺននាក់។

គួរបញ្ជាក់ផងដែរថា ក្នុងក្របខ័ណ្ឌ នៃការពង្រឹងអង្គការចាត់តាំងរបស់ ស.ស.យ.ក. នេះ គណៈប្រតិភូនៃគណៈកកម្មាធិការកណ្តាល ដែលដឹកនាំផ្ទាល់ដោយ លោក ហ៊ុន ម៉ានី បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ស.ស.យ.ក. នៅរចនាសម្ព័ន្ធទូទាំងប្រទេស ដោយបានបញ្ចប់គ្រប់២៥ រាជធានី ខេត្ត ត្រឹមបំណាច់ឆ្នាំ២០១៩កន្លងទៅនេះ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មានដែលបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំនេះ៖