(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានអំពាវនាវដល់ពិភពលោក ឲ្យមានសកម្មភាពបន្ថែមទៀត លើការមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ ដើម្បីកុំឲ្យមានប្រវត្តិសាស្ត្រច្រំដែល ដូចកាលសហរដ្ឋអាមេរិក ទម្លាក់នៅទីក្រុងហ៉ិរ៉ូស៉ិម៉ា (Hiroshima) និងណាហ្គាសាគិ (Nagasaki) ប្រទេសជប៉ុន កាលពីឆ្នាំ១៩៤៥។ ការអំពាវនាវខាងលើបានធ្វើឡើង ក្នុងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺបញ្ជាក់យ៉ាងដូច្នេះថា៖ «ខណៈដែលកិច្ចប្រជុំត្រូវបានរៀបចំឡើងចំថ្ងៃ ដែលគ្រាប់បែកអាតូមិកត្រូវបានទម្លាក់ទៅលើទីក្រុងហ៉ិរ៉ូស៉ិម៉ា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ កិច្ចប្រជុំបានអំពាវនាវដល់ពិភពលោកកុំឱ្យមានប្រវត្តិសាស្រ្តច្រំដែល ដូចនៅទីក្រុងហ៉ិរ៉ូស៉ិម៉ា និងណាហ្គាសាគិ និងបានទទូចឱ្យមានសកម្មភាពបន្ថែមទៀតលើការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ»

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា កិច្ចប្រជុំបានកោតសរសើរចំពោះវឌ្ឍនភាពនៃដំណើរការវេទិកាតំបន់អាស៊ាន និងបានគូសបញ្ជាក់អំពីការរួមចំណែកយ៉ាងសំខាន់ ដល់ការកសាងជំនឿទុកចិត្ត សន្តិភាព សន្តិសុខ និងស្ថិរភាព នៅក្នុងអាស៉ី-ប៉ាស៉ីហ្វិក។ ដើម្បីបន្តរក្សាបានសន្ទុះវិជ្ជមាននេះ រដ្ឋមន្រ្តីការបរទេសបានចែករំលែកការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញដំណើរការវេទិកាតំបន់អាស៊ានឆ្ពោះទៅមុខ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវរាល់បន្ទាត់សកម្មភាពក្រោមផែនការសកម្មភាពទីក្រុងហាណូយ ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៥ (HPOA II) របស់វេទិកាតំបន់អាស៊ាន។

រដ្ឋមន្ត្រីការបរទេសបានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលជាការចាប់អារម្មណ៍ និងការបារម្ភរួម ដូចជា និម្មាបនកម្មភូមិសាស្ត្រនយោបាយ និងបញ្ហាផ្សេងៗទាក់ទងនឹងបទដ្ឋាន និងសណ្តាប់ធ្នាប់ដែលឈរលើគោលការណ៍ច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន ការកើនឡើងនូវការគំរាមកំហែងដល់សន្តិសុខប្រព័ន្ធ អ៉ីនធឺណេត អំពើភេរវកម្ម សន្តិសុខនិងកិច្ចសហប្រតិបត្តិការលំហសមុទ្រ ការប្រែប្រួលអាកាសធាតុ សន្តិភាពជាអចិន្ត្រៃយ៍ និងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បញ្ហាសមុទ្រចិនខាងត្បូង និងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។

កិច្ចប្រជុំបានស្វាគមន៍ចំពោះការតែងតាំង លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម ជាប្រេសិតពិសេសរបស់ប្រធានអាស៊ាន លើបញ្ហាប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២១ ដែលជាបោះជំហានទៅមុខដ៏សំខាន់ឆ្ពោះទៅកាន់ការអនុវត្តការឯកភាព ជាឯកច្ឆន្ទប្រាំចំណុច ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ាន កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

កិច្ចប្រជុំបានស្វាគមន៍ចំពោះការបោះពុម្ពផ្សាយទស្សនវិស័យសន្តិសុខប្រចាំឆ្នាំ (ASO) របស់វេទិកាតំបន់អាស៊ាន ឆ្នាំ២០២១ និងបានគូសបញ្ជាក់ពីសារៈសំខាន់ ក្នុងការលើកកម្ពស់តម្លាភាព និងជំនឿទុកចិត្តក្នុងចំណោមប្រទេសជាសមាជិករបស់វេទិកាតំបន់អាស៊ាន។ រដ្ឋមន្រ្តីការបរទេស បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការលើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ តំបន់ និងអន្តរជាតិ ឆ្ពោះទៅរកការឆ្លើយតបរួមគ្នានិងប្រកបដោយប្រសិទ្ធភាព និងការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ។

កិច្ចប្រជុំបានអនុម័តសេចក្តីប្រកាសរួម ស្តីពីការលើកកម្ពស់របៀបវារៈស្តីពីយុវជន សន្តិភាព និងសន្តិសុខ សំដៅបង្កើនការចូលរួមរបស់យុវជនប្រកបដោយបរិយាប័ន្ន នៅក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ ក៏ដូចជាក្នុងការកសាងសន្តិភាព និងការរក្សាសន្តិភាព។

កិច្ចប្រជុំក៏បានពិភាក្សាអំពីទិសដៅនាពេលអនាគតរបស់វេទិកាតំបន់អាស៊ាន និងបានឯកភាពរក្សាដំណើរការវេទិកាតំបន់អាស៊ាន ជាវេទិកាមួយដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅ អាស៉ី-ប៉ាស៉ីហ្វិក តាមរយៈការសន្ទនា ការពិគ្រោះយោបល់ និងអនុវត្តសកម្មភាពនានាដែលគាំទ្រដល់ការកសាងទំនុកចិត្ត និងការជឿជាក់ក្នុងចំណោមអ្នកចូលរួម។ រដ្ឋមន្រ្តីការបរទេស ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាតំបន់អាស៊ាន ក្នុងការសម្រួលកិច្ចសហការដែលយកអាស៊ានជាស្នូល លើបញ្ហានយោបាយ និងសន្តិសុខតំបន់ ដែលជាការចាប់អារម្មណ៍ និងការបារម្ភរួមគ្នា។ ក្នុងន័យនេះ រដ្ឋមន្រ្តីវេទិកាតំបន់អាស៊ាន ក៏បានចែករំលែកទស្សនៈរបស់ខ្លួន អំពីតម្លៃនៃការឈានចូលដំណាក់កាលការបង្ការផ្នែកការទូត នៅក្នុងដំណើរការវេទិកាតំបន់អាស៊ាន ជាពិសេស នៅក្នុងការគិតគូរពិចារណាលើភាពស្មុគស្មាញដែលកំពុងកើតមាន និងភាពមិនច្បាស់លាស់ដែលកំពុងប៉ះពាល់ដល់តំបន់។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវេទិកាតំបន់អាស៊ានដែលជាវេទិកាពហុភាគី និយមសម្រាប់កិច្ចសន្ទនាពិគ្រោះយោបល់ ការកសាងទំនុកចិត្ត និងលើកកម្ពស់ភាពជឿជាក់ សម្រាប់អាស៉ី-ប៉ាស៉ីហ្វិកទាំងមូល ហើយអ្វីទាំងអស់នេះ គួរតែត្រូវបានឱបក្រសោបដើម្បីប្រមូលផ្ដុំសាមគ្គីភាពអន្តរជាតិ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយគ្មានការចោទប្រកាន់គ្នា និងធ្វើនយោ-បាយូបនីយកម្ម។

លោកឧបនាយករដ្ឋមន្ត្រី បានឆ្លៀតឱកាសនេះបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការបន្តចរន្តទំនាក់ទំនង ដែលជាជំហានប្រកបដោយការស្ថាបនាឆ្ពោះទៅរកការលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នា រវាងភាគីកូរ៉េទាំងពីរ។

ចំពោះបញ្ហាសមុទ្រចិនខាងត្បូង កម្ពុជាបានស្វាគមន៍ការបន្តការចរចារ លើអត្ថបទរបស់ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC textual negotiation) ដែលជាការឆ្លុះបញ្ចាំងនូវឆន្ទៈនិងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ដើម្បីរក្សាស្ថិរភាពតំបន់ តាមរយៈការគ្រប់គ្រងភាពការខ្វែងគំនិតគ្នាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំង អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ ១៩៨២ ស្តីពីច្បាប់សមុទ្រ ( 1982 UNCLOS)៕