(ប៉ៃលិន)៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន ២,៩០០ដូស បានដឹកមកដល់ខេត្តប៉ៃលិន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ ហើយនឹងរៀបចំដំណើរការចាក់សម្រាប់ដូសទី៣ (ជាដូសជំរុញ) នាព្រឹកថ្ងៃទី៨ ខែសីហាស្អែកនេះ ជូនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យ នៃការឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី Delta ក្រោយពេលមានពលករខ្មែរជាច្រើនបានវិលត្រឡប់មកពីប្រទេសថៃ។ នេះបើតាមលោកស្រី បាន ស្រីមុំ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យគណៈកម្មការជាតិចាក់វ៉ាក់សាំងកូវីដ១៩ ត្រៀមចាក់វ៉ាក់សាំងដូសទី៣ ជូនមន្រ្តីពាក់ព័ន្ធជួរមុខ នៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ជាបន្ទាន់ ខណៈដែលពួកគេប្រឈមនឹងការឆ្លងមេរោគថ្មី Delta ក្រោយពលករជាច្រើនត្រឡប់ពីប្រទេសថៃ។

កាលពីដើមខែសីហា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលបានចាក់ដូសទី២រួចរាល់ ដើម្បីបង្កើតប្រព័ន្ធការពារដ៏រឹងមាំថែមទៀត នៅក្នុងខ្លួនមនុស្ស ក្នុងការទប់ទល់នឹងជំងឺកូវីដ១៩ ជាពិសេសឆ្លើយតបនឹងវត្តមានមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី ប្រភេទDelta ដែលកំពុងតែរីករាលដាលនៅក្នុងតំបន់។

ការចាក់ដូសទី៣នេះ គឺប្រើប្រាស់វ៉ាក់សាំង ប្រភេទAstraZeneca (ជាដូសជំរុញ) សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងចិន Sinopharm ឬ Sinovac។ ជាមួយនឹងការសម្រេចចាក់ដូសទី៣នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាខិតខំស្វែងរកទិញវ៉ាក់សាំង AstraZeneca បន្ថែមទៀតផងដែរ៕