(ភ្នំពេញ)៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានផ្ដាំផ្ញើមន្ត្រីក្រោមឱវាទ ដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋ ឱ្យធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងជំងឺកូវីដ-១៩ ពិសេសកូវីដបំប្លែងខ្លួនថ្មី (ឌែលតា) តាមរយៈការអនុវត្តវិធានការ «៣ការពារ និង៣កុំ» ដែលជាសាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ការផ្ដាំផ្ញើ ក៏ដូចជាដាស់តឿនបន្ថែមឱ្យមន្ត្រី និងប្រជាពលរដ្ឋយកចិត្តទុកដាក់អនុវត្តវិធានការ «៣កុំ និង៣ការពារ» របស់លោកអភិបាលខណ្ឌព្រែកព្នៅ សុខ សម្បត្តិ បានធ្វើឡើង ក្នុងពេលលោកដឹកនាំមន្ត្រីក្រោមឱវាទ ចុះសំណេះសំណាលត្រួតពិនិត្យ និងជម្រុញក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅទីតាំងចាក់វ៉ាក់សាំង ចំនួន០៤កន្លែង ក្នុងភូមិសាស្តខណ្ឌ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១។

លោក សុខ សម្បត្តិ ក្រៅពីសំណេះសំណាលត្រួតពិនិត្យ និងជម្រុញក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅទីតាំងចាក់វ៉ាក់សាំង ចំនួន០៤កន្លែងនេះ, លោកអភិបាលខណ្ឌព្រែកព្នៅរូបនេះ ក៏បាននាំយកអំណោយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (ម៉ាស៨កេសធំ និងទឹកសុទ្ធ៤០កេស) តាមរយះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីឧបត្ថម្ភជូន ផងដែរ ក្នុងការលើកទឹកចិត្ត៕