(ភ្នំពេញ)៖ រយៈពេល៨ថ្ងៃ គិចចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ សមត្ថកិច្ចបានឃាត់យានយន្តសរុបចំនួន ១,៥៩៧គ្រឿង ក្នុងនោះមានរថយន្តចំនួន ៤៧៣គ្រឿង ធ្វើការផាកពិន័យនឹងកន្លែង បានចំនួន ៣៨៩គ្រឿង ក្នុងនោះមានរថយន្តចំនួន ១១០គ្រឿង ឃាត់ខ្លួនមនុស្សចំនួន ៥១នាក់ និងបញ្ជូនទៅតុលាការចំនួន ២៦នាក់ ផាកពិន័យ និងអប់រំមួយចំនួន។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១នេះ។

លោកថា «រយៈពេលប៉ុន្មានថ្ងៃដែលយើងអនុវត្តបំរាមគោចរ តាំងពីថ្ងៃទី៣០ រហូតដល់ថ្ងៃទី០៦ គឺយើងធ្វើការឃាត់យានយន្តសរុបចំនួន ១,៥៩៧គ្រឿង ក្នុងនោះមានរថយន្តចំនួន ៤៧៣គ្រឿង ធ្វើការផាកពិន័យនឹងកន្លែង បានចំនួន ៣៨៩គ្រឿង ក្នុងនោះមានរថយន្តចំនួន ១១០គ្រឿង ជាមួយគ្នានេះដែលយើងបានឃាត់ខ្លួនមនុស្សចំនួន៥១នាក់ និងបញ្ជូនទៅតុលាការរួចរាល់ចំនួន២៦នាក់ ក្នុងនោះក៏មានការផាកពិន័យ និងអប់រំណែនាំខ្លះផងដែរ»។

អាជ្ញាធរបានប្រើប្រាស់យន្តការផាកពិន័យ អប់រំ និងរក្សាទុកយានយន្ត ចំពោះម្ចាស់ឃាត់យានយន្ត ដែលល្មើសបម្រាមគោចរនេះ។ សូមជម្រាបថា សាលារាជធានីភ្នំពេញ បានដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕