(ស្វាយរៀង)៖ អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀងដឹកនាំដោយលោកស្រី ដួង វណ្ណា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១នេះ បាននាំអំណោយរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ប្រគល់ជូនគណបក្សសង្កាត់ស្វាយរៀងដើម្បីដោះស្រាយនូវទុក្ខលំបាក និងការខ្វះខាតរបស់ពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័កនៅតាមក្នុងផ្ទះ។

លោកបណ្ឌិត កែរ រដ្ឋា ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង បានថ្លែងថា នេះជាលើកទី២ ហើយដែលលោកស្រីបណ្ឌិត ម៉ែន សំអន បានប្រគល់អំណោយដល់គណបក្សសង្កាត់ស្វាយរៀង ដើម្បីទុកដោះស្រាយនូវការ លំបាកដល់ប្រជាពលរដ្ឋដែលជាប់ធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ដោយសារបានប៉ះពាល់ទាំងផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩។

ទាំងនេះជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកស្រីបណ្ឌិត ម៉ែន សំអន និងក្រុមការងារចុះជួយខេត្តស្វាយរៀង ដែលជានិច្ចកាលតែងតែចុះផ្ទាល់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសក្នុងកំឡុងពេលជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍នៅខេត្តស្វាយរៀង។

ជាមួយគ្នានេះលោកស្រី ដួង វណ្ណា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីបណ្ឌិត ម៉ែន សំអន ដែលតែងតែព្រួយបារម្ភដល់សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តស្វាយរៀងនៅ ពេលដែលជំងឺកូវីដ១៩ កំពុងតែវាយលុកក្នុងខេត្តស្វាយរៀង។

លោកស្រីក៏បានជំរុញដល់ក្រុមការងារទាំងអស់ត្រូវខិតខំចូលរួមបង្ការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យបានខ្លាំងក្លាបន្ថែមទៀត ជាពិសេសត្រូវដោះស្រាយជីវភាពប្រជាពលរដ្ឋក្នុងកំឡុងពេលជំងឺកូវីដ១៩ រាលដាលនៅក្នុងសហគមន៍នេះ។

លោកស្រីក៏បានថ្លែងផ្តាំផ្ញើរដល់អាជ្ញាធរត្រូវជំរុញឲ្យពលរដ្ឋទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឲ្យបានគ្រប់គ្នា និងត្រូវគោរព អនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសជំងឺកូវីដបំលែងថ្មីដែលតា ដោយត្រូវអនុវត្តឲ្យបានល្អតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣កុំ និង ៣ការពារបើមិនចាំបាច់កុំចេញក្រៅផ្ទះ។

អំណោយលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនគណបក្សសង្កាត់ដើម្បីចាត់ចែងប្រគល់ជូនដល់ប្រជាពលរដ្ឋក្រីក្រដែលកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះចំនួន ៥០គ្រួសារ រួមមាន៖ អង្ករ ២,៥តោន ត្រីខ៥០ឡូ ទឹកត្រី៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ មី៥០កេស ស្ករសរ៥០គីឡូ មុង៥០ កន្ទេលជ័រ៥០ ក្រម៉ា៥០ ម៉ាស់២៥០០ អាល់កុលជែល៥០ដប សាប៊ូ ប្រូធិច ១០០ដុំ ទឹកសុទ្ធវិតាល់៥០យួរ និងថវិការ២.៥០០០០០រៀល។ ជូនក្រុមប្រឹក្សាសង្កាត់អាកុល ១កានស្មើនឹង ៣០ លីត្រម៉ាស់៥០០ និងថវិកា ៥ សែនរៀល។ ផ្តល់ជូនភូមិទាំង ៧ អាកុល៧០លីត្រ ម៉ាស់៧០០និងថវិកា ៧០ ម៉ឺនរៀលដែលចំណាយថវិកាសរុបមានចំនួនជាង១៨លានរៀលផងដែរ៕