(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពត នឹងប្រកាសដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោជាផ្លូវការនៅថ្ងៃទី១២ ខែសីហា ខាងមុខឆាប់ៗនេះហើយ បើទោះបីអគាររដ្ឋបាលក្រុងបូកគោ ទើបបង្កើតថ្មីមួយនេះ មិនទាន់មានអគាររដ្ឋបាលបម្រើការងារនៅឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ពាក់ព័ន្ធហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល បានរៀបចំរួចរាល់អស់ហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបម្រើសេវារដ្ឋបាល និងសេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋ ពិសេសការរៀបចំប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង ដោយផ្អែកតាមគោលការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ។

អគាររដ្ឋបាលក្រុងបូកគោជាបណ្តោះអាសន្ន គឺកំណត់យកទីតាំងអគារផ្ទះសំណាក់រស្មីបូកគោ ជាប់ផ្លូវជាតិលេខ៣ ទល់មុខផ្លូវឡើងទៅឧទ្យានព្រះមុនីវង្សបូកគោ ស្ថិតក្នុងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ដោយម្ចាស់ផ្ទះសំណាក់ផ្តល់ជូនរយៈពេល១៦ខែ មិនយកប្រាក់ឈ្នួលឡើយ។

ការលើកបញ្ជាក់យ៉ាងដូច្នេះ ខណ:លោក អភិបាលខេត្ត ជាវ តាយ បានដឹកនាំក្នុងកិច្ចប្រជុំត្រៀមលក្ខណ: ធ្វើពិធីប្រកាសដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោ ជាផ្លូវការនៅសាលប្រជុំសាលាខេត្តកំពត នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយចូលរួមពីមន្ត្រី អាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធ ជាច្រើនរូប។

លោក ជាវ តាយ បានលើកឡើងថា រដ្ឋបាលក្រុងបូកគោ គឺជារដ្ឋបាលក្រុងថ្មីមួយ ដែលរាជរដ្ឋាភិបាលទើបបានសម្រេចបង្កើតថ្មីឡើង។ ដើម្បីឲ្យស្របទៅនឹងច្បាប់ ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ និងបានប្រកាសលទ្ធផលសមាជិក ក្រុមប្រឹក្សាក្រុងជាផ្លូវការ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កន្លងទៅថ្មីៗនេះផងដែរ។

ដើម្បីជាភាពចាំបាច់ដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុងបូកគោ ឲ្យបានលឿនឆាប់រហ័សនៅចំពោះមុខនេះ រដ្ឋបាលខេត្តកំពត បានជ្រើសយកពេលវេលា និងទីតាំងឲ្យបានជាក់លាក់នៃការធ្វើពិធីប្រកាសដាក់ឲ្យដំណើរការ រដ្ឋបាលក្រុងបូកគោជាផ្លូវការ នៅថ្ងៃទី១២ ខែសីហា ខាងមុខនេះ ដោយកំណត់យកទីតាំងផ្លូវឡើងឧទ្យានជាតិព្រះមុនីវង្សបូកគោធ្វើជាជាកន្លែងប្រារព្ធពិធី។

លោក ជាវ តាយ បានបញ្ជាក់ថា ដោយផ្អែកលើសភាពជាក់ស្ដែង ដែលរដ្ឋបាលក្រុងបូកគោ ជាក្រុងមួយទើបបានបង្កើតថ្មី ក្រោមចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល សំដៅបង្កើនប្រសិទ្ធភាព អភិបាលកិច្ចល្អ និងល្បឿនការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចសង្គម សំដៅការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងមានការណែនាំយ៉ាងយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ពិសេសសម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែផ្ដល់អនុសាសន៍ ជំរុញដល់រដ្ឋបាលខេត្តកំពត ឲ្យបង្កើនការយកចិត្តទុកដាក់ដោះស្រាយឲ្យបានរលូនពីបញ្ហាប្រឈមនានា ទើបអាចឈានដល់ការដាក់ឲ្យដំណើរការរដ្ឋបាលក្រុងបូកគោបានលឿនយ៉ាងដូចនេះ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានណែនាំ ដល់មន្ត្រីរដ្ឋបាលក្រុងបូកគោ ត្រូវតែយកចិត្តទុកដាក់សហការគ្នា ប្រើឲ្យអស់លទ្ធភាពនូវធនធានសរុប កម្លាំងសរុប យន្តការសរុប ដើម្បីដោះស្រាយជំនះនូវបញ្ហាប្រឈមខ្វះខាតចំពោះមុខ ក្នុងចំណុចចាប់ផ្ដើមរដ្ឋបាលក្រុងបូកគោដំបូងនេះតទៅ ធ្វើយ៉ាងណារក្សាបាននូវ អភិបាលកិច្ចល្អ សេវាល្អ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គមល្អ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ៕