(កណ្ដាល)៖ ចាប់តាំងពីការចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទៅលើកុមារ និងយុវវ័យតាំងពីថ្ងៃទី១ ខែសីហា មកដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ម្សិលមិញ កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ទូទាំង១១ក្រុង-ស្រុកនៅខេត្តកណ្ដាល មានចំនួន ៩៥,៤៦០នាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ។ នេះបើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី៧ ខែសីហានេះ។

វ៉ាក់សាំងដែលប្រើសម្រាប់ចាក់ជូនក្មេងៗ និងយុវវ័យ គឺជាវ៉ាក់សាំងស៊ីណូវ៉ាក់ ដែលផលិតឡើងដោយក្រុមហ៊ុននៅក្នុងប្រទេសចិន។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខ្នះខ្នែងណាស់ដល់ប្រជាគ្រប់ស្រទាប់វណ្ណៈ ដើម្បីឱ្យពួកគាត់ទទួលបានការចាក់វ៉ាក់សាំងការពារអាយុជីវិតពីជំងឺកូវីដ១៩។ ក្នុងនោះកុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម១៨ឆ្នាំ ក៏មានទទួលបានឱកាសល្អផងដែរ ខណៈវ៉ាក់សាំង បានត្រៀមគ្រប់ចំនួនសម្រាប់ការចាក់ទៅលើយុវវ័យទាំងអស់គ្នា។

លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានបញ្ជាក់ថា យុវវ័យនៅក្នុងខេត្តកណ្ដាល មាបប្រមាណជាង១៤១,១៣០នាក់ ត្រូវបានមន្ទីរផែនការ បានបញ្ជាក់ពីទិន្នន័យមាន នៅក្នុងខេត្តកណ្ដាល ហើយពួកគាត់នឹងមានឱកាសស្មើរៗគ្នាក្នុងការមកទទួលយកការចាក់វ៉ាក់សាំងនេះ ដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យនៅតាមមូលដ្ឋានទូទាំងខេត្តកណ្ដាល។

ជាមួយគ្នានេះដែរ ប្រធានមន្ទីរសុខាភិបាល ក៏បានអំពាវនាវដល់យុវវ័យដែលមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ទាំងអស់នៅទូទាំងខេត្តកណ្ដាល មេត្តារួសរាន់មកទទួលយកការចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមប្រឆាំង និងកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩ ឱ្យអស់ចេញពីប្រទេសកម្ពុជា។

បើតាមការសង្កេតគេមើលឃើញថា យុវជន យុវតីជាច្រើនកុះករ បាននាំគ្នាមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយគ្មានការភ័យខ្លាចឡើយ ពោលគឺដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ និងកាត់ផ្ដាច់ការចម្លងជំងឺនេះមិនឱ្យឆ្លងតទៅមុខទៀត៕