(ភ្នំពេញ)៖ តាមគម្រោង បុត្រច្បងរបស់ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា នឹងទៅចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាពេលឆាប់ៗខាងមុខនេះនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ដែលរៀបចំឡើងដោយបងប្អូនខ្មែរនៅទីនោះ។

ខណៈទទួលដំណឹងថា កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺលោក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅទីក្រុង ឡុងប៊ិច ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះភ្លាម ដោយសារតែទស្សនៈនយោបាយផ្ទុយគ្នា បានធ្វើឲ្យបងប្អូនខ្មែរនៅសហរដ្ឋអាមេរិក មួយចំនួនមានការខ្វែងគំនិតគ្នា រហូតដល់ចង់ផ្ទុះជំលោះរវាងម្ខាងគាំទ្រឲ្យមានវត្តមានលោក ហ៊ុន ម៉ាណែត និងម្ខាងទៀតមិនគាំទ្រ។

ដោយសារតែទស្សនៈផ្ទុយគ្នាលើផ្នែកនយោបាយ ព្រោះតែខ្មែរនៅក្រៅប្រទេសមួយចំនួន មិនបានមកឃើញទិដ្ឋភាពក្នុងប្រទេសជាក់ស្ដែង បានធ្វើឲ្យខ្មែរជាពូជសាសន៏តែមួយ បែរជាពាក់មុខយក្សដាក់គ្នា ម្ខាងយក្សស្លូត ម្ខាងយក្សកាចទៅវិញ។

ប៉ុន្មានថ្ងៃនេះកំដៅនៅទីក្រុងឡុងប៊ិច រវាងអ្នកគាំទ្រ និងអ្នកប្រឆាំងផ្កាប់មុខហាក់ដូចជា កញ្ច្រោលខ្លាំងឡើងៗ ចង់ក្ដៅខ្លាំងជាងកំដៅអាកាសធាតុ នៅស្រុកខ្មែរនាខែចែត្រទៅទៀត។ លោក ហ៊ុន ម៉ាណែត មិនទាន់ទៅផង កំដៅជំលោះរវាងខ្មែរ និងខ្មែរគ្នាឯងផ្ទុះផ្អើលទីក្រុងឡុងប៊ិចទៅហើយ ចុះទំរាំមានវត្តមានលោក ហ៊ុន ម៉ាណែត ទៅដល់ទៀត វាមិនផ្អើលដល់ដល់ប្រធានាធិបតី អូបាម៉ា ទៅហើយទេឬអី?

មិចៗកុំឲ្យតែប្រកាប់ប្រចាក់គ្នាធ្វើឲ្យឈាមខ្មែរហូរតទៅទៀតទៅ កុំឲ្យជាតិសាសន៏ខ្មែរខ្មាសជាតិសាសន៏គេតទៅទៀតអី។ ! ខ្មែរអើយ ល្មមឈប់ពាក់មុខយក្សដាក់គ្នា ព្រោះតែការលាបពណ៏ពីអ្នកនយោបាយទៀតទៅ៕