(សៀមរាប)៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ទៀ បាញ់ បានចុះពិនិត្យការសាងសង់ផ្លូវខ្សែប្រវែង ជាង​១គីឡូម៉ែត្រ ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប។ ផ្លូវនេះ សាងសង់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រស់នៅលើដីទំហំ១១៥ហិកតា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានកាត់ចេញពីផ្ទៃដីបុរីសណ្ឋាគារទេសចរណ៍ គ្រប់គ្រងដោយអាជ្ញាធរអប្សរា។

ការចុះពិនិត្យការដ្ឋានសាងសង់ផ្លូវនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ក៏មានការអញ្ជើញចូលរួមពីលោក ឃឹម ប៊ុនសុង អភិ​បាលខេត្តសៀមរាប លោក នូ ផល្លា ប្រធានក្រុមប្រឹក្សា​ខេត្តសៀម​រាប និងមន្រ្តីក្នុងខេត្តជាច្រើនរូបទៀត។

ផ្លូវមួយខ្សែនេះ ត្រូវបានជំរុញសាងសង់ឲ្យបញ្ចប់បានមុនបុណ្យចូលឆ្នាំខ្មែរ ធ្វើជាចំណងដៃថ្មីជូនដល់ប្រជាពលរដ្ឋរស់នៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ដើម្បីសម្រួលការធ្វើ​ដំណើរប្រចាំថ្ងៃ​របស់ប្រជា​ពលរដ្ឋ៕