(ភ្នំពេញ)៖ គណៈសង្ឃនាយកកម្ពុជា បានសម្តែងអំណរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបកំណើតគម្រប់ ៦៩ឆ្នាំ ឈានចូល ៧០ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ស្អែកនេះ។

ក្នុងសារលិខិតជូនពរសម្តេចតេជោ ហ៊ុន សែន, គណៈសង្ឃនាយកបានគូសរំលេចថា ក្នុងនាមជាប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយវីរភាពដ៏អង់អាច ឈ្លាសវៃ និងប៉ិនប្រសប់ សម្តេចតេជោនាយករដ្ឋមន្ត្រី តែងយកអស់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី គោរពបម្រើយ៉ាងស្មោះស្ម័គ្រក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ តាមរយៈទេពកោសល្យ គតិបណ្ឌិត សក្តានុពល និងឧត្តមភាពយ៉ាងក្លៀវក្លា ដោយបាននាំមកនូវសុខសន្តិភាព ស្ថិរភាព នយោបាយ ឯកភាពជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យរបស់សង្គម។

គណៈសង្ឃនាយកបន្ថែមទៀតថា សម្តេចតេជោនាយករដ្ឋមន្ត្រី តែងយកចិត្តទុកដាក់ និងគិតគូរជាប់ជាប្រចាំដល់សុខុមាលភាព និងជីវភាពរស់នៅរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងកម្មករ-កម្មការិនី និងព្រះសង្ឃគ្រប់វត្តអារាម ដោយបានដាក់ចេញ់នូវគោលនយោបាយអាទិភាពនានា ក្នុងគោលដៅលើក កម្ពស់កិច្ចគាំពារសង្គម កាន់តែប្រសើរឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេសក្នុងបរិបទកូវីដ១៩ នេះ បានជួយទំនុកបម្រុងដល់ព្រះភិក្ខុ សាមណេរ និងពុទ្ធបរិស័ទ ព្រមទាំងប្រជាជនខ្មែរទាំងអស់ក្នុងគ្រាគ្រោះអាសន្ន នៃជំងឺកូវីដ១៩ បានខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ការពារដល់អាត្មាភាព ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់គ្នា ឱ្យបានរួចផុតពីគ្រោះកូវីដ១៩ ដ៏សាហាវឃោរឃៅនេះ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ គណៈសង្ឃនាយកកម្ពុជា បានប្រសិទ្ធពរសព្ទ សាធុការ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕