(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំ ទៅដល់ក្រោម ១៨ឆ្នាំ ចំនួន៤គោលដៅនៃស្រុកព្រៃនប់ មានដូចជា៖ ឃុំអូរឧកញ៉ាហេង ឃុំសំរុង ឃុំជើងគោ និងឃុំទឹកល្អក់។

លោក គួច ចំរើន បានថ្លែងអំណរគុណក្រុមការងារដែលចាត់ចែងទទួលប្រជាពលរដ្ឋ និងក្មួយៗកុមារទាំងអស់មានសណ្តាប់ធ្នាប់ ស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ និងដើម្បីជួយពន្លឿនដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន។

លោកអភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ត្រូវនាំកូនចៅមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តឱ្យក្មួយៗកុមារទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី ជាធនធានដ៏មានសារៈសំខាន់ក្នុងការចូលរួមអភិវឌ្ឍ គ្រួសារនិងសង្គមជាតិនៅថ្ងៃអនាគត។

លោក ស កក្កដា អភិបាលស្រុកព្រៃនប់ បានឲ្យដឹងថា កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំទៅដល់ ១៧ឆ្នាំ នៅទូទាំងស្រុកព្រៃនប់ មានចំនួនជាង ១៤០០០នាក់។

រយៈពេល៣ថ្ងៃ កន្លងមកនេះ ចាក់បានចំនួន៥៥២៣នាក់ហើយ និងកំពុងមកចាក់ជាបន្តបន្ទាប់រាល់ថ្ងៃ។ នៅតាមគោលដៅទាំងអស់ មានមន្ត្រីតាមគោលដៅក៏បាននៅជួយសម្របសម្រួលជូនពួកគាត់់រាល់ថ្ងៃផងដែរ។ តាមការគ្រោងទុក យុទ្ធនាការនេះ នឹងបញ្ចប់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១៕