(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រីឧកញ៉ា គៀន ស្រីនាង បានប្រគេនទេយ្យទានដល់ព្រះសង្ឃគង់នៅក្នុងវត្តចំនួន៥ នៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ចាម។

ទេយ្យទានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានក្រុមការងារក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព យកទៅប្រគេនព្រះសង្ឃនៅថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ។ ក្រុមការងារដែលបានយកទេយ្យទានប្រគេនព្រះសង្ឃ បានគូសបញ្ជាក់ថា ការប្រគេនទេយ្យទានព្រះសង្ឃនាពេលនេះ ជាការរួមចំណែកជួយសម្រាលទុក្ខលំបាក ក៏ដូចជាភាពខ្វះខាតរបស់ព្រះសង្ឃតាមទីអារាម ក្នុងគ្រាដែលប្រទេសជាតិ កំពុងទទួលរងនូវការរាតត្បាតពីជំងឺឆ្លងដ៏កាចសាហាវកូវីដ១៩។

ក្នុងឱកាសនោះ ក្រុមការងារ បានទូលប្រគេនព្រះសង្ឃ ក៏ដូចជាលោកយាយ លោកតា គណៈកម្មការវត្តពីទុក្ខលំបាកនិងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកទាំងឡាយដែលប្រទេសជាតិកំពុងប្រឈម។ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការនានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។

ក្រុមការងារក៏ពានទូលប្រគេនព្រះសង្ឃ និងអំពាវនាវដល់លោកយាយា លោកតា ក៏ដូចជាប្រជាពុទ្ធបរិស័ទជើងវត្ត ឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារជំងឺកូវីដ១៩ ជាពិសេសអនុសាសន៍សម្តេចតេជោ «៣កុំ និង៣ការពារ»។

សូមបញ្ជាក់ថា វត្តទាំង៥ ដែលទទួលបានទេយ្យទានរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃនេះរួមមាន៖ វត្តមាន់ដប់, វត្តប៉ុកប៉ែន, វត្តល្វាទេរ, វត្តមង្គលជ័យ ស្ថិតនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងវត្តទ្រាំង ស្ថិតនៅឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ទេយ្យទានដែលបានប្រគេននាពេលនោះ ក្នុងមួយវត្តទទួលបាន អង្ករ ២០០គីឡូក្រាម, ទានវស្សា ០១គូ, មី ៥កេសតូច, ខ្ទឹមស ០៥គីឡូក្រាម, ទឹកស៊ីអ៉ីវ ៥យួរ, ទឹកត្រី ៥យួរ, ត្រីខ ១កេសធំ, ប្រេងឆា (ចំណុះ៥លីត្រ) ២ធុង, ទឹកបរិសុទ្ធ ២កេស និងបច្ច័យ ១,៤០០,០០០រៀល។

ជាមួយគ្នានេះ ក្រុមការងារក៏បានយកថវិកាឧកញ៉ាបណ្ឌិត ទ្រី ភាព ឧបត្ថម្ភដល់គណបក្សឃុំតាឯក ស្រុកខ្សាច់កណ្តាល និងឃុំមានជ័យ ស្រុកស្រីសន្ធរ ក្នុងមួយឃុំទទួលបានចំនួន ១,០០០,០០០រៀល៕