(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញមកពន្យល់លម្អិតជាថ្មីម្ដងទៀត អំពីរបៀបនាំឲ្យឆ្លងវីរុសកូវីដ១៩ ពិសេសប្រភេទបំប្លែងថ្មី Delta។ វីរុសកូវីដ១៩ ទាំងអស់ គឺឆ្លងតាមដំណក់ទឹកមាត់ ដែលខ្ទាតចេញពីមាត់អ្នកដែលផ្ទុកវីរុសនេះ។

លោកស្រី ឱ វណ្ណឌីន បានអះអាងថា ដំណក់ទឹកមាត់តូចៗ ដែលបានធ្លាក់ចេញពីមាត់នោះ អាចខ្ទាតពីមនុស្សចម្ងាយប្រមាណ១ម៉ែត្រ នឹងមានប្រសិទ្ធភាពអាចចម្លងទៅមនុស្សផ្សេងទៀតបានយ៉ាងលឿន ពិសេសពពួកបំប្លែងថ្មី Delta។ ដូច្នេះហើយបានជាគេតម្រូវឲ្យមានការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

ដោយឡែក សម្រាប់ពពួកបំប្លែងខ្លួនថ្មី Delta ដែលកំពុងតែគំរាមកំហែង ហើយមានការចែកចាយថា អាចឆ្លងតាមរយៈខ្យល់ទៀតនោះ ត្រូវបានលោកស្រី ឱ វណ្ណឌីន ច្រានចោលទាំងស្រុងចំពោះការចែកចាយនេះ ព្រោះវីរុសកូវីដ១៩ ប្រភេទ Delta មិនអាចឆ្លងតាមខ្យល់បាននោះទេ។

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានពន្យល់ទៀតថា ដំណក់ទឹកមាត់ដែលមានសភាពធំៗ នឹងធ្លាក់ចុះទៅក្រោមភ្លាមៗនៅពេលខ្ទាតចេញពីមាត់ ប៉ុន្ដែសម្រាប់ដំណក់តូចៗ ដែលយើងមើលមិនឃើញវាអាចនៅក្នុងលំហមួយរយៈពេល មិនមែននៅក្នុងខ្យល់នោះទេ។ ហេតុនេះហើយទើបមានការណែនាំឲ្យបើក ឲ្យមានខ្យល់ចេញចូល ពីព្រោះបើនៅទីតាំងមួយបិទជិតវីរុសកូវីដ១៩ នឹងវិលវល់ក្នុងទីតាំងបិទជិត ដែលនឹងមានហានិភ័យក្នុងការឆ្លង៕

សូមស្ដាប់ការពន្យល់លម្អិតរបស់លោកស្រី ឱ វណ្ណឌីន៖