(ភ្នំពេញ)៖ លោក ហេង សុខណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស, សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្ត និងផ្សព្វផ្សាយផែនការសកម្មភាព និងផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនថ្នាក់ដឹកនាំ សរុបប្រមាណ ២៧នាក់ តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង ZOOM។

លោក ហេង សុខណាង បានលើកឡើងអំពីផែនការ និងគោលការណ៍នៃការរៀបចំរចនាសម្ព័ន្ធយុវជនគណបក្សទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធដែលមាននៅក្នុងខេត្តស្វាយរៀង ព្រមទាំងការរៀបចំផែនការសកម្មភាពឱ្យបានល្អ និងមានភាពច្បាស់លាស់នៅក្នុងការអនុវត្តផែនការសកម្មភាព ដែលតម្រូវឱ្យមានការចូលរួមពីថ្នាក់ដឹកនាំស្រុក-ក្រុងទាំងអស់ ដើម្បីជំរុញការយល់ដឹង និងលើកទឹកចិត្តដល់ សមាជិក សមាជិកាជាយុវជនគណបក្សក្នុងការអនុវត្តនូវសកម្មភាពយ៉ាងសកម្ម គាំទ្រដល់ផែនការយុទ្ធសាស្ត្រ និង គោលនយោបាយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានោះ លោកក៏បានផ្ដល់ឱកាសឲ្យសមាជិក-សមាជិកាអង្គប្រជុំក្នុងការបញ្ចេញមតិ និងអាចមានជាសំណួរមកកាន់អង្គប្រជុំទាំងមូលដើម្បីជាការពិភាក្សានិងរកដំណោះស្រាយឲ្យកាន់តែមានភាពប្រសើរក្នុងការអនុវត្តផែនការឲ្យកាន់តែប្រសើរឡើង។

លោក ហេង សុខណាង ក៏បានលើកយកនូវ មតិផ្តាំផ្ញើរបស់លោក ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ដែលស្នើសុំ ដល់សមាជិក តាមរយៈការបន្តចូលរួមជាមួយគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ក្នុងការបំផុសចលនាយុវជនឲ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ចូលរួមអនុវត្តផែនការរួមរបស់គណបក្សក្នុងសម្រេចឲ្យបានជោគជ័យនសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងសម្រេចឲ្យបាននូវពាក្យស្លោក «រក្សា ចាស់ បង្កើនថ្មី» និង «យុវជនគណបក្ស ០១រូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្ស ០១ សន្លឹក»៕