(​កង់​បេរ៉ា​)៖ បំណែក​យន្តហោះ​មួយ ដែល​ត្រូវបាន​រកឃើញ​នា​ពេល​ថ្មីៗ​នេះ​នៅ​ឯ​ឆ្នេរសមុទ្រ​នៃ​ប្រទេស ម៉ូ​ហ្សាំ​ប៊ិក ត្រូវបាន​រដ្ឋមន្ត្រី​ដឹកជញ្ជូន​របស់​ប្រទេស​អូស្ត្រាលី​លោក Darren Chester លើកឡើងថា វា​ប្រាកដ​ណាស់ ថា​អាច​មក​ពី​យន្តហោះ MH370 ព្រោះតែ​គំរូ ត្រូវ​គ្នា​ខ្លាំង​ណាស់​ទៅ​នឹង​ប្រភេទ Boeing 777​។ នេះ​បើ​តាម​ការផ្សាយ​របស់​ស៊ិន​ហួរ នៅ​មុន​នេះ​បន្តិច នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦​។​

​ការអះអាង​ដូច​ខាងលើ​នេះ ក៏​ព្រោះតែ​យន្តហោះ MH370 ដែល​បាន​បាត់​ជាង​ពីរ​ឆ្នាំ​មក​នេះ​ក៏​ជា​ប្រភេទ Boeing 777 ផងដែរ​។ ការពិនិត្យ និង វិនិច្ឆ័យ​ត្រូវបាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​សហការ​រួម កង់​បេរ៉ា ក្នុង​សប្តាហ៍​នេះ ហើយ​លទ្ធផល​ដែល​អូស្ត្រាលី​ទទួលបាន​គឺ​វិជ្ជមាន​។​

​លទ្ធផល​ដូច​ខាងលើ​នេះ នឹង​នាំ​ឲ្យ​ក្រុម​រុករក​នៃ​ប្រទេស​អូស្ត្រាលី ធ្វើ​ការងារ​យ៉ាង​សកម្ម​បន្ថែមទៀត នៅ​ហ្នឹង​កន្លែង​ដែល​ខ្លួន​ធ្លាប់​កំណត់ថា​យន្តហោះ​បាត់​កន្លងមក ជាពិសេស​នៅ​ដែនសមុទ្រ​ឥណ្ឌា​ភាគខាងត្បូង ដែល​ជាប់​នឹង តំបន់​អាហ្វ្រិក​ខាងត្បូង​តែម្តង​។ តំណាក់កាល​ទី​មួយ​នេះ គេ​អាច​ត្រឹម​សន្និដ្ឋានបានថា បំណែក​ដែល​ត្រូវបាន​រកឃើញ ប្រាកដ​ណាស់​ថា​នឹង​អាច​ជា​របស់ MH370។

គួរបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ របស់ម៉ាឡេស៊ី ជើងហោះហើរ MH370 បានបាត់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ដ៏អាថ៌កំបាំងក្នុងប្រវត្តិសាស្រ្ត ខណៈចេញដំណើរពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុង Beijing ប្រទេសចិន ហើយគិតមដល់ពេលនេះបានបាត់អស់រយៈជាង២ឆ្នាំ៕