(​ព្យុង​យ៉ាង​)៖ មេដឹកនាំ​វ័យក្មេង​របស់​ប្រទេស​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បាន​ដឹកនាំ​ដោយផ្ទាល់​នូវ​ការ​ធ្វើ​តេស្ត​ប្រព័ន្ធ​ប្រតិបត្តិការ​បាញ់​គ្រាប់​រ៉ុក្កែត​ធុន​ធ្ងន់ និង​ប្រព័ន្ធ​ដាច់​ដោយឡែក​ដទៃទៀត ដើម្បី​ធានាឲ្យបាន​នូវ​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វា​។ នេះ​បើ​តាម​ការផ្សាយ​មុន​នេះ​បន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែ​មីនា ឆ្នាំ​២០១៦​។​

​បន្ទាប់​ពី​ការត្រួតពិនិត្យ និង​សាកល្បង​អស់​ប៉ុន្មាន​ម៉ោង​រួចមក មេដឹកនាំ​កូរ៉េខាងជើង​ត្រូវ​សារព័ត៌មាន​រដ្ឋ KCNA ដកស្រង់​សម្តី​របស់​លោក ដែល​បាន​បង្ហាញ​ចេញពី​អារម្មណ៍​រីករាយ​ចំពោះ​ជោគជ័យ និង​ការត្រៀម​ធ្វើតេស្ត​ក្បាល​គ្រាប់​រ៉ុក្កែត ប្រកបដោយ​ឥទ្ធិពល​ខ្លាំង​ព្រមទាំង​ការសម្រេច បាន​នូវ​គោលដៅ​ធំៗ​លើ​វិស័យ​ការពារជាតិ តាមរយៈ​ការរីកចម្រើន​នៃ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្នុង​ឆ្នាំនេះ​។​

​គួរបញ្ជាក់​ថា ការសម្តែង​ក្តីរីករាយ​របស់​មេដឹកនាំ​កូរ៉េខាងជើង​នេះ ក៏​ព្រោះតែ​ប្រព័ន្ធ​ខាង​លើ គឺ​ជា​ផលិតផល​ក្នុងស្រុក​សុទ្ធសាធ ដែល​កូរ៉េខាងជើង​ព្យាយាម​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ដោយ​ខ្លួនឯង ដើម្បី​បង្កើន​សក្តានុពល លើ​វិស័យ​ការពារជាតិ​របស់​ខ្លួន​៕​