(កំពង់ធំ)៖ សេចក្តីរាយការណ៍ពីខេត្តកំពង់ធំ បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ មានករណីខ្យល់កន្ត្រាក់បក់រលំផ្ទះ និងប៉ើងដំបូលផ្ទះ ប្រជាពលរដ្ឋ និងកុដិព្រះសង្ឃ អស់៣ផ្ទះ និង១កុដិ ស្ថិតនៅក្នុងភូមិក្រសាំង (ក) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋដែលរងនូវខ្យល់បក់កន្ត្រាក់រួមមាន៖ ១-ផ្ទះទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ប្រកស្បូវជញ្ជាំងស្លឹក (រលំទាំងស្រុង) មានម្ចាស់ឈ្មោះ មុំ គ្រុយ ភេទប្រុស អាយុ៤២ឆ្នាំ ជាអតីតយុទ្ធជន (ពិការ), ២-ផ្ទះទំហំ៤ម៉ែត្រ គុណ៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី (រលំទាំងស្រុង) មានម្ចាស់ឈ្មោះ លិញ លីន ភេទស្រីអាយុ៤១ឆ្នាំ (មេម៉ាយ), ៣-ផ្ទះទំហំ៦ម៉ែត្រ គុណ៧ម៉ែត្រ ប្រក់ស័ង្កសីជញ្ជាំងក្តា (របើកដំបូល) មានម្ចាស់ឈ្មោះ សុខ វ៉ាន់ ភេទប្រុស (ពិការ) និងទី៤-កុដិលោក នៅវត្តព្រះក្រសាំង របើកដំបូលក្បឿងធ្លាក់បែក ប្រហែល៥០០សន្លឹក៕