(ប៉ៃលិន)៖ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដឹកនាំដោយលោក ប៉ាន សូរស័ក្តិ​ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន នៅរសៀល​ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ បានធ្វើវេទិការសាធារណៈ គាំទ្រការ​អនុវត្តគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ក្នុង​ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

​​វេទិ​ការនេះបានធ្វើឡើង នៅភូមិក្បាលព្រលាន ដោយ​មាន​ការអញ្ជើញចូលរួមពីសំណាក់ លោក អៀង វុធ និង លោក ធូភា អភិបាលរង​ខេត្ត​ប៉ៃ​លិន សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធាន អនុប្រធានមន្ទីរ កងកំលាំង​ប្រដាប់​អាវុធ លោកមេភូមិ ចៅសង្កាត់ ព្រមទាំង​ប្រជាពលរដ្ឋ ជាច្រើននាក់ទៀត។

​​លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានបានឲ្យដឹងថា នេះជាលើកទី៨ហើយ ដែលក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ចុះធ្វើវេទីការសាធារ​ណៈក្នុង​ក្រុងប៉ៃលិន ហើយបានទទួលសំណើរ ក៏ដូចជាបញ្ហាកង្វល់របស់ប្រជាពលរដ្ឋ​ចំនួន១១៩​ករណី ក្នុងនោះបានដោះស្រាយ ជូនប្រជាពលរដ្ឋបានចប់រួចរាល់ បានចំនួន១១១ករណី និង​សល់៨ករណីទៀត កំពុងដំណើការដោះស្រាយ។

លោកបានបន្តថា បញ្ហាកង្វល់​ទាំងអស់​របស់ប្រជាពលរដ្ឋ ត្រូវតែមានការដោះស្រាយ គ្រាន់តែថាករណីខ្លះ ត្រូវការពេលវេលា​ដោយ​សារពាក់ព័ន្ធនឹងផ្លូវច្បាប់។

​អង្គវេទិការបានប្រព្រឹត្ត ទៅអស់រយៈពេលពេញមួយថ្ងៃ​ ដោយមានប្រជាពលរដ្ឋ​បាន​លើកឡើង នូវបញ្ហាកង្វល់មួយចំនួន ជាពិសេសខ្វះទឹកប្រើប្រាស់​។

លោក ប៉ាន សូរស័ក្កិ បានបញ្ជាក់ទៅប្រជាពលរដ្ឋ ​ដែល​បានលើកជាកង្វល់មកអង្គវេទិការថា បញ្ហាទាំងអស់ដែល​ប្រជាពលរដ្ឋបាន លើក​ឡើង​នេះ លោកនឹងយកទៅដោះស្រាយ ឲ្យបានល្អ ជូនប្រជាពលរដ្ឋយើង ។ ចំពោះ​លទ្ធផល​នៃការដោះស្រាយនេះ ប្រជាពលរដ្ឋនឹងបានដឹងតាមរយៈ លោក​អភិបាលខេត្ត លោកមេឃុំ លោកមេភូមិដែលរស់នៅនឹង មូលដ្ឋាន​របស់ប្រជាពល​រដ្ឋ​ផ្ទាស់តែម្តង៕