(ភ្នំពេញ)៖ ប្រមុខដឹកនាំនិងតំណាងប្រទេសជាប់​ដងទន្លេមេគង្គទាំង៦ ដែលក្នុងនោះមានកម្ពុជាផង បានចូលរួមរំលែកទុក្ខជា​មួយពលរដ្ឋ និងរដ្ឋាភិបាលនៃ ទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ហើយក៏បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើភេរវកម្ម បំផ្ទុះគ្រាប់បែក ដែលបានបង្កឱ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់ ពីម្សិលមិញនេះ។ ប្រទេសទាំង៦ រួមមានកម្ពុជា ចិន ឡាវ ថៃ មីយ៉ានម៉ា និងវៀតណាម។

ការចូលរួមរំលែកទុក្ខ និងថ្កោលទោស ចំពោះអំពើភេរវកម្ម ដាក់គ្រាប់បែកឲ្យផ្ទុះ នៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ពីសំណាក់ កម្ពុជា និង ប្រមុខដឹកនាំប្រទេសជាប់ដងទន្លេមេគង្គនេះ  បានធ្វើឡើង ក្នុងកិច្ចប្រជុំកំពូល ឡានឆាង-មេគង្គ នៅក្រុងសានយ៉ា ខេត្តហៃណាន ប្រទេសចិន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦នេះ។ នេះបើតាមការផ្សព្វផ្សាយនៅលើទំព័រ Facebook សម្តេចតេជោ ហ៊ុន សែន។

គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី២២ ខែមីនា ម្សិលមិញនេះ មានករណីបំផ្ទុះគ្រាប់បែកនៅក្នុងអាកាសយានដ្ឋាន និងនៅចំណតរថភ្លើងក្រោមដី ក្នុងទីក្រុងព្រុចសែល។ ព័ត៌មានចុងក្រោយបានឱ្យដឹងថា ការបំផ្ទុះគ្រាប់បែកនេះ បានសម្លាប់មនុស្ស៣៤នាក់ស្លាប់ និងរងរបួស២៥០នាក់ ហើយករណីនេះ ត្រូវបានក្រុម ISIS អះអាងថា ជាទង្វើរបស់ខ្លួន៕