(ភ្នំពេញ)៖ លោកបណ្ឌិត តែ ជិនណារិទ្ធ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ដែលបានចូលរួមឃ្លាំមើលសកម្មភាពឃោសនានៅថ្ងៃនេះ បានឱ្យដឹងថា ការឃោសនាបោះឆ្នោត ក្នុងរយៈពេល៨ថ្ងៃកន្លងមកនេះ បានប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពល្អ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅព្រលប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សម្រាប់រយៈពេលថ្ងៃទី៨ និងជាថ្ងៃចុងក្រោយ នៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោ មានគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះបានធ្វើសកម្មភាពឃោសនាក្នុងចំណោមគណបក្សនយោបាយទាំង៤។

គ.ជ.ប បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា មានការប្រមូលផ្តុំសមាជិក ២០០នាក់ ក្នុងក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោត ដែលមានរថយន្ត ចំនួន ៨០គ្រឿង និងម៉ូតូ ចំនួន ៣០គ្រឿង ហើយក៏មានការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្សក្រុង សង្កាត់ និងតាមភូមិ។ ដោយឡែកគណបក្សចំនួន ៣ផ្សេងទៀត ពុំមានសកម្មភាពឃោសនាទេ។

ការឃោសនាបោះឆ្នោតបានចាប់ផ្តើមពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ហើយគណបក្សនយោបាយទាំង៤ ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ បានធ្វើសកម្ម ភាពទៅតាមលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ ដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត ដូចជាការចាក់មេក្រូ ការចែកខិតប័ណ្ណ ការជួបប្រជុំ និងការហែក្បួន ជាដើម។

លោកបានបន្តថា អ្នកចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតទាំងអស់បានអនុវត្ត និងគោរពតាមវិធានការបង្ការការឆ្លងរាលដាល នៃជំងឺកូវីដ១៩ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបានយ៉ាងល្អ។

សូមបញ្ជាក់ថា ការឃោសនាបោះឆ្នោតនេះត្រូវចាប់ផ្តើមពីម៉ោង ៦៖០០ នាទីព្រឹក ដល់ម៉ោង១០៖០០ នាទីយប់ ហើយការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលត្រូវកំណត់ ២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត៕