(បាត់ដំបង)៖ ដោយសារមើលឃើញពីតម្រូវការចាំបាច់ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ លោក ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាបាត់ដំបង បានឧបត្ថម្ភបំពង់ខ្យល់អុកស៊ីសែនដែលមានខ្យល់អុកស៉ីសែនស្រាប់ចំនួន ១០បំពង់ ព្រមទាំងទឹកបរិសុទ្ធ ១០០កេស ជូនដល់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង សម្រាប់ប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ។

សម្ភារៈទាំងនេះត្រូវបាននាំយកទៅប្រគល់ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តាមរយៈលោក កង ប៊ន អនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាបាត់ដំបង នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។

លោក កាក់ សីលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះការយកចិត្តទុករបស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលតែងតែគិតគូរពីសុខទុករបស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ជាពិសេសបុគ្គលិកសុខាភិបាល និងអ្នកផ្ទុកជំងឺកូវីដ-១៩។

ការឧបត្ថម្ភសម្ភារៈទាំងនេះ គឺចំពេលដែលមន្ទីរពេទ្យកំពុងត្រូវការជាចាំបាច់ ហើយសកម្មភាពនេះក៏ជាការរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបងផងដែរ៕