(ភ្នំពេញ)៖​ សិស្សវិទ្យាល័យ​ ព្រែកលៀប​ ម្នាក់បានចុះទៅលាងដៃនៅមាត់ទន្លេ​ ក៏បានរអិលជើងធ្លាក់ចូលទឹកលង់ស្លាប់​ នៅវេលាម៉ោង ៣៖៣០នាទីរសៀល​ ថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០១៦​ ស្ថិតនៅត្រង់​ចំណុចមាត់ទន្លេ​ មុខវត្តបាក់ខែង​ ក្រុមទី៥​ ភូមិបាក់ខែង​ សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ​ ។

​នៅមុនពេលកើតហេតុ​ ជនរងគ្រោះ​ និងមិត្តភក្តិចំនួន​ ០៣នាក់ទៀត​ មានស្រី​ ០៣​ និង​ប្រុស​ម្នាក់​ ហើយបានចុះទៅមាត់ទន្លេទាំងអស់គ្នា​ ដើម្បីលាងដៃ​ ខណៈពេលនោះមិត្តស្រី​ ០៣នាក់ទៀត​បានលាងដៃជើងរួចហើយ​ ក៏បាននាំគ្នាឡើងមកលើមាត់ច្រាំងវិញ​ ។

ចំណែកឯជនរងគ្រោះបាននិយាយប្រាប់មិត្តស្រីទាំង​ ០៣នាក់ថា​ អោយឡើងទៅមុនគេទៅ​ នៅពេលដែលមិត្តស្រីគេ​ទាំង​ ០៣នាក់បានឡើងទៅដល់​មាត់ច្រាំបានបន្តិច​ ស្រាប់តែបែបមកវិញ​ មិនឃើញជនរងគ្រោះតែម្តង​ ។

ក្មេងប្រុសដែលលង់ស្លាប់នោះ​ មានឈ្មោះ អែល ភក្តី ភេទ​ប្រុស​ អាយុ​១៤ឆ្នាំ​ មុខរបរ​​សិស្ស រៀននៅថ្នាក់ទី៨C1​ នៅវិទ្យាល័យ​ ព្រែកលៀប​ មានទីលំនៅភូមិខ្ទរ​ សង្កាត់ព្រែកលៀប​ ខណ្ឌជ្រោយចង្វារ​ ។

ក្រោយពីកើតហេតុ​ បានឃើញក្រុមគ្រួសារ​ និងអ្នកជិតខាងមកជួយ​ ព្រមទាំងបានរាវរក​ តែពុំទាន់ឃើញនៅឡើយទេ​​៕​

Posted by Fresh News Photo on Wednesday, March 23, 2016